តើអ្នកជឿលើរឿងអប្បិយជំនឿ មន្តអាគម ខ្មោចព្រាយបិសាចដែរឬទេ? បើជឿ តើជឿកម្រិតណាដែរ? ចុះអ្នកធ្លាប់ឮអ្វីខ្លះទាក់ទងនឹងរឿងអស់នេះ? នៅក្នុងរឿង «គំនូស៤៩» កាលពីលើកមុនយើងបានដឹងពីរឿងអភិនីហារ អរូបិយមួយបែប។ ចំណែកពេលនេះ ខ្ញុំមានរឿងរ៉ាវរបស់តារាបង្ហាញម៉ូដពីរនាក់មកចែករំលែក។
សិល្បៈគឺជាសង្វៀនប្រកួតប្រជែងដ៏គ្រោះថ្នាក់…..។
សត្រូវរបស់យើងភាគច្រើនជាមនុស្សក្បែរខ្លួនយើង ជិតស្និទ្ធនឹងយើង ញញឹមដាក់យើងនិយាយល្អៗប៉ុន្តែធាតុពិតនោះគ្រាន់តែជាការសម្ដែង ទេ។ ម្នាក់ៗសៀតផ្កាក្រអូបស្អាតលើបបូរមាត់តែក្នុងបេះដូងបង្កប់នូវ កាំបិតចាំកាប់ប្រល័យគ្នាយ៉ាងសាហាវ។
…គ្មានអ្នកណាពូកែច្រណែនគ្នាជាងអ្នកសិល្បៈទេ ហើយក៏គ្មានរឿងអាស្រូវអ្វីស្អុយគគ្រុកជាងរឿងរ៉ាវក្រៅឆាករបស់អ្នក សិល្បៈខ្លះដែរ។ រឿងដូរខ្លួនប្រាណដើម្បីលុយឡានវិឡានិងកេរ្តិ៍ឈ្មោះ សឹងក្លាយជារឿងធម្មតាទៅហើយក្នុងវិស័យនេះ។
ប្រការនេះហើយដែលធ្វើឲ្យវិជ្ជតានិងខ្ញុំឈឺក្បាលចង់ចាកចោល ការងារនេះម្ដងៗ តែបំណាច់នឹងចង់ឈ្នះមនុស្សអាក្រក់សែនអាក្រក់ខ្លះ យើងនៅតែកាន់ដៃគ្នាដើរទៅមុខ។ ដូចថ្ងៃនេះអញ្ចឹង ខ្ញុំបានបើកឡានជូនវិជ្ជតាតាំងពីភ្នំពេញរហូតមកដល់ខេត្តពោធិ៍សាត់ ដើម្បីស្វែងរកឲ្យជួបគ្រូខ្មែរម្នាក់ដែលល្បីថាចេះអាគមដ៏ពូកែ អាចជួយយើងទាំងពីរក្នុងការប្រឈមនឹងពួកមនុស្សអាក្រក់បានដោយ រឹងមាំ។
«លោកគ្រូ! គេធ្វើបាបពីរនាក់ខ្ញុំណាស់! ដំបូងថាថ្ងៃសុក្រក្រោយនេះអ្នកដែលដើរកណ្ដាលជាខ្ញុំ តែយប់មិញតារាម្នាក់ឈ្មោះអាមុំ គេព្រមទៅបាយល្ងាចជាមួយខាង Sponsor បាត់មួយយប់ព្រឹកឡើង មេក្រុមមកប្រកាសដកឲ្យពួកខ្ញុំដើរអមវិញ។ គេដូរឲ្យអាមុំដែលដើរអត់ល្អផង កម្ពស់ក៏មិនត្រូវនឹងឈុតក្ងោកត្បូងនិលសោះ ឥឡូវត្រូវគេប្រកាសឲ្យដើរកណ្ដាល សម្រេចសម្រួលខ្ញុំលែងបានពាក់អាវក្ងោកត្បូងនិលហើយ! ខំហាត់សមមករាប់ខែ ដល់ជិតដល់ពេល ស្រាប់តែមកដកពួកខ្ញុំចេញសមដែរទេ? វាអយុត្តិធម៌នោះអយុត្តិធម៌ពេកហើយលោកគ្រូ»។ វិជ្ជតានិយាយទាំងយំអណ្ដឺតអណ្ដកធ្វើឲ្យខ្ញុំក៏ក្ដុកក្ដួលចិត្តតាម វាដែរ។
រាត្រីក្ងោកត្បូងនិលគឺជារាត្រីបង្ហាញម៉ូដធំបង្អស់នៅភ្នំពេញ ហើយដែលឈុតក្ងោកត្បូងនិលបានរចនាដោយស្នាព្រះហស្តទ្រង់ទិព្វមន្តា ព្រះរាជវង្សានុវង្សខ្មែរដ៏មានព្រះនាមល្បីរន្ទឺខាងច្នៃម៉ូដកម្រិត ពិភពលោក។ ទ្រង់ទើបយាងត្រលប់មកមាតុប្រទេសនឹងបើកការបង្ហាញម៉ូដកម្រិត អន្តរជាតិដែលធ្វើឲ្យក្លឹបពួកយើងប្រឹងសឹងបាក់កម្លាំងទ្រាំប្រជែង បានដើរបង្ហាញម៉ូដលើគម្រោងនេះ។ វិជ្ជតាពួកម៉ាកកម្សត់របស់ខ្ញុំប្រឹងណាស់ទម្រាំនាងត្រូវបាន ជ្រើសរើសជាតួឯកនារីដែលត្រូវដើរចំកណ្ដាលនឹងមានវាសនាបានគ្រងឈុត ក្ងោកត្បូងនិល ដែលជាឈុតឯកមានតម្លៃជាសរុបប្រមាណ៨សែនអឺរ៉ូឯណោះ។
តែការស៊ីស៊ូសលើគ្រែដ៏អាស្រូវបានធ្វើឲ្យនាងត្រូវរបូតឱកាស នេះវិញហើយធ្លាក់ទៅលើកណ្ដាប់ដៃអ្នកបង្ហាញម៉ូដជើងថ្មីឈ្មោះ ផណ្ណមុំ។
«សាក់រូបមយូរាលើស្មាម្នាក់មួយ ប្រើពេលជិតបីម៉ោង ហើយឈឺចាប់គួរសម! នាងៗទ្រាំបានទេ?»
ពេលដែលវិជ្ជតា មិត្តខ្ញុំក្រឡាប់វិលគ្រាប់ភ្នែកព្រោះភិតភ័យ ខ្ញុំសួរវិញភ្លាម៖
«លោក…លោកតា….ស្អី….ស្អីទៅ….សាក់….មយូរា?»
«មយូរាញីឈ្មោលជាមន្តអាគមដ៏ចំណាស់របស់ខ្មែរតាំងពីមុនមហានគរ! គ្មានអ្នកស្គាល់វាច្រើនទេ លើកលែងតែគេធ្លាប់មានពូជអម្បូរជាអ្នកវាំង ហើយទាល់តែពួករាំហ្លួងដែលមានឋានៈជាគ្រូទៀតទើបធ្លាប់ដឹងពី អាគមនេះ! វាជាអាគមសាក់ដែលជួយឲ្យនាងៗក្លាយជាទីត្រេកត្រអាលនៃពួកបុរស! នាងនឹងក្លាយជាតារាស្រីដែលល្បីបំផុត មានគេចង់បានបំផុតហើយរកកម្រៃបានច្រើនបំផុត! មិនចង់បានទេ?»
ខ្ញុំងាកមើលមុខវិជ្ជតា។ ពីរនាក់យើងដកដង្ហើមធំដោយភ័យលាយអរ។ ប្រសិនបើដូចពាក្យគាត់និយាយ ពួកយើងកំពុងរបូតជើងក្នុងអណ្ដូងមាសមិនអញ្ចឹង? អ្នកចូលសិល្បៈណាម្នាក់ដែលមិនចង់មានគ្រូកាន់ មិនចង់មានមន្តស្នេហ៍ហើយមិនចង់នៅលំដាប់កំពូល?
«តែ….ស្មាពួកខ្ញុំភាគច្រើនចំហមកក្រៅ គឺដើរម៉ូដកម្រពាក់អាវបិទស្មានិងកណាស់ អ្នកផងមិនឃើញវាទៅហើយលោកតា?»
«អាគមសាក់នេះគឺសម្រាប់ឲ្យគេឃើញហ្នឹងហើយមីនាង! ទាល់តែគេឃើញបានវាមានប្រសិទ្ធភាព»គ្រូអូមអាមវ័យប្រមាណសែក្រាស់ ឆ្លើយមកវិញធ្វើហី។
«មានប្រសិទ្ធភាពមែនហ្អីលោកតា?» ខ្ញុំខ្សឹបសួរវិញតិចៗ។ សំខាន់គឺខ្ញុំខ្លាចឈឺព្រោះគាត់បានព្រមានតាំងពីចាប់ផ្ដើមតែ ខ្ញុំក៏ចាប់អារម្មណ៍ខ្លាំងចំពោះលទ្ធផលនិងមហិទ្ធិឫទ្ធិដែលគាត់ អួតដែរ។ បច្ចុប្បន្ននេះរូបសាក់លើដងខ្លួនអាចធ្វើបាននិងផ្លាស់ប្ដូរដោយ សេរីមិនចាំបាច់ប្រើកាំបិតកន្ត្រៃឲ្យហូរឈាមទេ គឺគេអាចScanបិទលើស្បែកតែម្ដងហើយលឿនជាទីបំផុត។ ចំណែកពេលបីម៉ោងដែលលោកតានិយាយគឺប្រាកដណាស់ ច្បាស់ជាប្រើរបស់មុតស្រួចធ្វើឲ្យឈាមហូរហើយ។
«គ្មានអ្វីដែលបានមកទទេៗគ្មានការលះបង់នោះទេមីនាង! បើគេធ្វើបាបឲ្យយើងឈឺចិត្ត យើងគួររើសវិធីឈឺខ្លួនតែស្រួលចិត្តវិញ!» តានោះនិយាយតបខ្ញុំដោយទឹកមុខពេញដោយអំនួត។
ខ្ញុំត្រូវវិជ្ជតាលូកដៃមកចាប់កដៃខ្ញុំ។ ដៃនាងឡើងត្រជាក់ព្រោះភ័យ។ នាងចាប់លែងៗជាសញ្ញាសួរខ្ញុំថាគិតយ៉ាងណា?
ខ្ញុំសួរទៅអ្នកធ្វើអាគមនោះបន្ថែមភ្លាម៖
«លោកតា! បើពួកខ្ញុំព្រមធ្វើត្រូវការអ្វីខ្លះទៅ?»
មេមត់រូបនោះសើចក្អាកក្អាយហើយទើបនិយាយ៖
«ស្នូកអណ្ដើកសមុទ្រសំលៀងជាម្ជុល ឈាមនាងៗដាក់ចូលគ្នាជាថ្នាំ ឈ្មោះខែឆ្នាំកើតជាយានផ្សារភ្ជាប់ទៅរកផ្លូវងងឹត ហើយទទួលយកព្រះនាងភីរៈឌីតា្តជាព្រះគ្រូបាអាចារ្យ»
ខ្ញុំង៉េមង៉ាមព្រោះស្ដាប់មិនយល់។ វិជ្ជតាវិញនាងនិយាយសួរដាច់ៗ៖
«ស្នូកអណ្ដើកសំលៀងជាម្ជុល? ឲ្យខ្ញុំទៅរកទិញឯណាបានទៅ? ហើយ….ហើយ….អ្នកណាជា…ជា….ជា….ព្រះនាងភីរៈឌីត្តាអីគេនោះទៅ?»
តានោះស្រាប់តែផ្លាស់ទឹកមុខស្រែកគំហកឲ្យវិជ្ជតាមួយរំពេច៖
«ព្រហើន! ព្រះនាងជាក្សត្រី១០០០ឆ្នាំមកហើយ! សោយរាជ្យសម្បត្តិប្រកបដោយបារមីផុតគេ! ព្រះនាងជាកុលស្ត្រីដែលខ្ពង់ខ្ពស់បំផុតត្រូវបានព្រះមហាក្សត្រ សព្វព្រះទ័យលើសបណ្ដាស្ត្រីក្នុងលោក ព្រះនាងមានទាំងមហាមន្តសណ្ដំស្នេហ៍ទាំងមហិទ្ធានុភាព! អាគមមយូរាត្រូវបានព្រះនាងបង្កើតឡើងដើម្បីជួយស្ត្រីទាំងអស់ណា ដែលចង់មានមន្តស្នេហ៍! នាងៗត្រូវដឹងបដិការគុណទ្រង់ហើយក្រាបសំពះព្រះបាទាសុំទ្រង់ជា គ្រូបាអាចារ្យពីពេលនេះតទៅ!»
ខ្ញុំកាន់តែស្ដាប់រឹតតែមិនយល់។ តើព្រះនាងនោះនៅឯណាជាមនុស្សរស់ឬជាបង់បត់? ចុះរស់មួយពាន់ឆ្នាំមានន័យដូចម្ដេចដែរ? បុរសនេះជាមេមត់ភ្ជាប់ជាមួយផ្លូវងងឹតដល់ឆ្កួតទៅហើយដឹង? ខ្ញុំងាកសម្លឹងទៅក្រៅផ្ទះឈើដែលប្រែទៅជាងងឹតព្រោះយើងមកដល់ ពេលបាក់រសៀលទៅហើយ។ ខ្ញុំមិនចង់ចំណាយពេលរាត្រីនៅទីនេះទេ ទោះជាយ៉ាងណាក៏ដោយ។ ហៀបនឹងទាញវិជ្ជតាឲ្យលាឡើងរថយន្តទៅវិញរកលេសពន្យារពេលដើម្បី គិតទៅហើយ ស្រាប់តែឮនាងងើបមុខនិយាយដោយម៉ឺងម៉ាត់៖
«អ្នកណាក៏ដោយលោកតា! ឲ្យតែអាចជួយបងប្អូនខ្ញុំលែងឲ្យគេធ្វើបាប ខ្ញុំសុខចិត្តសំពះបាតជើងយកគេធ្វើគ្រូ!»
មេមត់សើចក្អាកក្អាយគួរឲ្យព្រឺព្រួច។ គាត់លើកកញ្ចប់ក្រហមមួយចេញមកបង្ហាញពួកយើងក្រោមពន្លឺចង្កៀង ម៉ាំងសុងក្រហមទុំ។ ពេលគាត់លាកញ្ចប់នោះពួកយើងអត់បានពព្រិចភ្នែកទេព្រោះតែចង់ដឹង ថាតើនោះជាវត្ថុអ្វីខ្លះ? របស់មួយវែងស្ដួចមានសណ្ឋានដូចភ្លុកដំរីប៉ុន្តែពណ៌លឿងក្រមៅ។ ចុងវាស្រួចដូចដែកគោលវែងបណ្ដោយប្រមាណជិតពីរម្រាមដៃ។
«ឃើញទេ! គ្រាន់តែមីនាងព្រមទទួលយកព្រះនាងជាព្រះគ្រូ ពេលនេះទ្រង់និមិត្តឲ្យបានជាម្ជុលស្នូកអណ្ដើកមកហើយ! ការសាក់អាគមមយូរាញីឈ្មោលត្រូវការគ្រឿងរណ្ដាប់ឧបកិច្ចច្រើនទៀត! តែយើងត្រូវធ្វើឲ្យហើយមុនយប់នេះ គឺមុនថ្ងៃរះឡើង»
ខ្ញុំបើកភ្នែកធំៗបន្ទាប់មកជ្រួញចិញ្ចើម។ មានន័យថាត្រូវធ្វើឥឡូវ? គ្រាន់តែឃើញមុខដ៏ស្រួចនៃវត្ថុនោះក៏ភ័យសឹងបះសក់ទៅហើយ ទម្រាំត្រូវនៅទីនេះហើយបណ្ដោយឲ្យម្ជុលដ៏ធំនោះចាក់សាក់រូបលើ ស្មារតីឈឺយ៉ាងណាហើយទ្រាំបានប៉ុណ្ណាទៅ?
ខ្ញុំទាញដៃវិជ្ជតា ប៉ុន្តែនាងដូចជាលង់ទៅនឹងរបស់ទាំងនោះហើយអង្គុយញញឹមទៅរកកញ្ចប់ ក្រហម។ ខ្ញុំនិយាយតិចៗដាស់តឿនវិជ្ជតាក្នុងបំណងវិលទៅវិញពេលនេះតែម្ដង ៖
«វិជ្ជតា! វិជ្ជតា? ឯងគិតសាក់មែនហ្នឹងហ្អី?»
នាងនៅធ្មឹងមិនឆ្លើយខ្ញុំចូលទៅខ្សឹបតិចៗបន្ថែម៖
«មិនដឹងបានផលឬក៏អត់ផងប្រយ័ត្នតែហើមសាច់ ឈឺខ្លួនឡើងឆាកថ្ងៃសុក្រនេះអត់កើតណា៎! គេជេរយើងមិនខាន!»
វិជ្ជតានិយាយដោយមិនងាកមករកខ្ញុំ៖
«យើងមិនឲ្យអ្នកណាឈ្នះយើងបានទេ! យើងត្រូវការនៅលើគេទាំងអស់! យើងជាស្ដេចស្រីនៃភពផែនដីនេះ! នាងចាំមើលចុះ!»
សំឡេងនាងប្រែទៅជាស្មើដូចមិនមែននាង។ ខ្ញុំធ្លាក់ថ្លើមក្ដុកនិមិត្តតែឮសូរសំឡេងដ៏ប្លែកគួរឲ្យព្រឺ ព្រួចរបស់នាង។ ភ្លាមៗនោះខ្ញុំយល់ថានាងដូចជាត្រូវអ្វីមួយចូលសណ្ឋិតបញ្ជាឲ្យ នាងនិយាយពាក្យគ្មានបានការអស់នេះ។ ដូច្នោះខ្ញុំខំព្យាយាមលូកដៃទៅអង្រួននាង ប៉ុន្តែវិជ្ជតាត្រជាក់ដូចទឹកកកហើយរក្សាជំហរខ្លួនរឹងកំព្រឹស។ ខ្ញុំអង្រួននាង។
«វិជ្ជតា! វិជ្ជតា!»
នាងស្រាប់តែបែរមកខ្ញុំយឺតៗដែលធ្វើឲ្យខ្ញុំភ្លាត់ចំហសឹង ផ្ងារក្រោយ បើកុំតែខ្ញុំច្រត់ដៃទប់ខ្លួនឯងទាន់។ ទឹកមុខវិជ្ជតាមិនមែនជានាង តែជាស្រីម្នាក់ផ្សេងដែលមានផ្ទៃមុខស្វាយល្អូកហើយមានដៅស្នាម គ្រាប់ៗស្មើត្រឹមជាជួរតាមជើងសក់លើថ្ងាស។ ស្នាមនីមួយៗបង្កប់ដោយត្បូងពេញទាំងគ្រាប់ៗភ្លឺចិញ្ចាច។
ខ្ញុំស្រែកវ៉ាសដោយភ្លាត់សំឡេង៖
«ខ្មោច!….»
បន្ទាប់មកខ្ញុំទន់ខ្លួនសន្លប់ស្ដូកលែងដឹងអ្វី។
ខ្ញុំភ្ញាក់ដឹងខ្លួនវិញនៅពេលពន្លឺថ្ងៃជះមកចំលើមុខខ្ញុំ ធ្វើឲ្យចាំងភ្នែកនឹងចេញចំហាយក្ដៅភាយ។ ខ្ញុំប្រមូលអារម្មណ៍បានមកវិញសន្សឹមៗទើបនឹកឃើញដល់រឿងរ៉ាវគួរ ឲ្យខ្លាចនៅខេត្តពោធិ៍សាត់ហើយ បើកភ្នែកព្រឹស។
ខ្ញុំសម្លឹងពិតានពណ៌សដែលខ្ញុំធ្លាប់ស្គាល់។ ទីនេះជាបន្ទប់ខ្ញុំទេតើ? អ្នកណាជាអ្នកនាំខ្ញុំមកវិញ? ខ្ញុំងាកទៅរកគ្រែរបស់វិជ្ជតាហើយស្ទុះក្រោកវឹងទាំងវិលមុខ គ្រឹបសឹងថាអាចបាក់ជំហរដួលត្មោលបានបើខ្ញុំមិនប្រឹងធ្មេចភ្នែក ហើយតោងក្បាលគ្រែជាប់នោះទេ។
វិជ្ជតាមិនឃើញនៅផ្ទះទេ ខ្ញុំដើររកពេញApartmentហើយ។ នាងទៅណា? យប់មិញពេលខ្ញុំសន្លប់នៅពោធិ៍សាត់នាងដឹកខ្ញុំមកផ្ទះវិញទាំងយប់? ម៉េចខ្ញុំមិនដឹងអីសោះ? នាងសាក់តាមតាមេមត់នោះហើយដឹង? ចុះខ្មោចដែលចូលនាងរហូតដល់ប្រែមុខមាត់នោះតើជាអ្នកណា?
ខ្ញុំដើរទ្រេតទ្រោតចូលទៅក្នុងបន្ទប់ទឹកដើម្បីលុបលាងមុខព្រោះ យឺតម៉ោងទៅហាត់សមបាត់ទៅហើយ។ ក្លិនផ្កាក្រអូបឆួលជះចេញមកពេលខ្ញុំបើកទ្វារបន្ទប់ទឹកធ្វើឲ្យ ខ្ញុំសឹងវិលមុខក្អួត។
«ចុះវិជ្ជតាវាទៅបានក្លិនទឹកអប់ពីណាមកមុតម្ល៉ឹងៗ?
ខ្ញុំសម្លឹងទៅកាន់ក្រឡបុរាណមួយចំនួននៅពីមុខកញ្ចក់ក្នុងបន្ទប់ ទឹកនោះ។ ពិសេសមានកូនក្រឡតូចមួយមានរាងដូចជីឡាវ ប៉ុន្តែមិនដឹងធ្វើពីអ្វីទេ ធ្ងន់ដូចថ្មកែវមកពីខេត្តពោធិ៍សាត់ដែលមានក្រមួនក្រហមច្រាលដូច ផ្លែម្ទេស។
«ក្រែម?»
ខ្ញុំសួរខ្លួនឯងទាំងជ្រួញចិញ្ចើម។ វិជ្ជតាដែលចូលចិត្តក្រែមស្រស់យ៉ាងនេះតាំងពីពេលណាមក? ខ្ញុំនៅធ្មឹងរិះគិតហើយលើកទឹកមកបាចដាក់មុខដើម្បីដាស់ខ្លួនឯង ពីភាពងោកងុយនិងវិលវល់។ ស្នូរទូរសព្ទលាន់មកកាត់ផ្ដាច់សង្វាក់បេះដូងរបស់ខ្ញុំស្ទើរគាំង ចលនា។ ខ្ញុំងាកទៅរកមើលទូរសព្ទហើយស្ទុះទៅលើកមកស្ដាប់៖
«អាឡូ! ស្រីតែន!»
គឺសូរសំឡេងបងនួនភា ប្រធានក្លឹបបង្ហាញម៉ូដ។ ខ្ញុំរួសរាន់តបនឹងគាត់៖
«បង! សូមទោស! ខ្ញុំគេងជ្រុលបង! ខ្ញុំទៅដល់ភ្លាម! សុំពេល១៥នាទីបង!»
សំឡេងគាត់ប្រែជាស្ងួត៖
«អ្ហែងមកពេទ្យមក! អាមុំវាមានរឿងហើយ!»
«ពេទ្យ?» ខ្ញុំសួរផ្ទួនស្របពេលបេះដូងភ័យភឹប។
«ហ៊ឹម! អាមុំធ្លាក់ពីលើដំបូល! ពេទ្យថាជើងវាបាក់ហើយ! មិនដឹងតឆ្អឹងបានអត់ទេ បើបានក៏រាប់ឆ្នាំដែរ!»
គាត់ដាក់ទូរសព្ទចុះ។ ឯខ្ញុំទន់ប្រអប់ដៃសឹងរបូតទូរសព្ទ។ ជាអ្នកបង្ហាញម៉ូដម្នាក់បើបាត់បង់ជើងមានអីខុសពីបាត់បង់ជីវិត ទៅ?
«ផណ្ណមុំ? អញ្ចឹងឯងមិនរបូតឱកាសពាក់ឈុតក្ងោកត្បូងនិលទៅហើយ?»
នឹកដល់ត្រង់នេះខ្ញុំបើកភ្នែកធំៗ។ ចិត្តមួយអន្ទះសាចិត្តមួយត្រេកអរថា វិជ្ជតាប្រាកដជាត្រលប់មកកាន់ដំណែងនេះសាជាថ្មី។ ដូច្នេះខ្ញុំបានចេញពីផ្ទះទៅរកពួកយើងនៅមន្ទីរពេទ្យ។
ស្ថានភាពផណ្ណមុំគឺពិបាកភ្នែកណាស់មិនត្រឹមតែបាក់ជើងទេ ធ្មេញក៏បាក់ មុខមាត់របួសដេរច្រើនថ្នេរណាស់។ ស្ថានភាពវាប្រាកដណាស់គឺបង្ហាញថាអាជីពសិល្បៈមិនមែនសម្រាប់វាទៀត ឡើយ។
«បងនួនភា! រឿងវាយ៉ាងម៉េចខ្លះ? អាមុំឡើងទៅលើនោះធ្វើអ្វី?» ខ្ញុំសួរទាំងរន្ធត់ព្រោះកន្លងមកទីធ្លាដំបូលអាគារហាត់សមរបស់ ក្លឹបយើង មិនងាយមានពីណាឡើងទៅទេ ទាល់តែមានពិធីជប់លៀងអីម្ដងៗ។ ចំណែកផណ្ណមុំរឹតតែមិនដែលឡើងទៅទៀតព្រោះនាងប្រើឡេលាបស្បែក ប្ដូរសម្បុរកំណើត និងមិនឲ្យត្រូវថ្ងៃផ្ដាសទេ។
«វាទៅនិយាយទូរសព្ទ! កន្លែងណាមិននិយាយ ទៅនិយាយលើដំបូលសមអី! ពេទ្យថាជើងនេះមិនងាយទេ ទាល់តែដាក់ដែក! ហើយអមរាប់ខែឯណោះ!»
ខ្ញុំលែងចេញស្ដីព្រោះអាណិតវាដែរ ដែលវាខំលះបង់ច្រើនសន្ធឹកដើម្បីតែបានពាក់អាវក្ងោកត្បូងនិល។ ដឹងអីទីបំផុតត្រូវដេកលើគ្រែរាប់ខែអញ្ចឹងទៅវិញ។ វានៅសន្លប់នៅឡើយព្រោះការវះកាត់ច្រើនដងពេក។ ចំណែកពួកយើងបានវិលមកកាន់ក្លឹបវិញព្រោះបងនួនភាត្រូវប្រជុំ គ្នាដើម្បីរើសរកអ្នកជំនួសផណ្ណមុំ។
«ឯងមានឃើញវិជ្ជតាអត់?»
ខ្ញុំងាកសួរមិត្តរួមក្លឹបនៅពេលដែលអង្គប្រជុំជិតចាប់ផ្ដើម។ អ្នកនៅជិតខ្ញុំមិនទាន់មានអ្នកណាឆ្លើយផងស្រាប់តែឮបងនួនភាសួរ មកខ្ញុំផូង៖
«តែន! ឯណាវិជ្ជតា?»
ខ្ញុំកំពុងមិនដឹងដូចគ្នាដល់ឮប្រធានក្លឹបសួរបែបនេះខ្ញុំទៅជា ស្លាក់និយាយមិនចេញមែន ព្រោះកន្លងមកយើងទាំងពីរមិនដែលដើរបែកគ្នាទេ។ ខ្ញុំខំព្យាយាមរកពាក្យនិយាយបន្លប់។
«យប់មិញគ្នាផឹករាងយប់ជ្រៅបន្តិចបង!»
តាមពិតវាអត់នៅផ្ទះទេព្រឹកនេះ តែខ្ញុំព្យាយាមនិយាយកុហកបងនួនភាព្រោះខ្ញុំក៏មិនដឹងថាវាបាត់ ទៅណាដែរ។ ទូរសព្ទចុចរកក៏មិនចូល។ បងនួនភាសម្រួលទឹកមុខ។ តាមពិតគាត់ប្រហែលត្រូវខឹងប៉ុន្តែលើកនេះគាត់មិនហ៊ានទេព្រោះអត់ ពីផណ្ណមុំ គាត់មានតែវិជ្ជតាប៉ុណ្ណោះ។
គាត់និយាយមកកាន់ខ្ញុំ៖
«រកវាឲ្យឃើញហើយឲ្យវាមកហាត់ទាំងយប់ទាំងថ្ងៃព្រោះ វាត្រូវដើរម៉ូដអាវក្ងោកត្បូងនិលជំនួសផណ្ណមុំ!»
ពេលអង្គប្រជុំរំសាយខ្ញុំ Callរកវិជ្ជតាទៀតតែនៅតែទាក់ទងមិនបាន។ ខ្ញុំដើរត្រលប់មករកឡានដើម្បីបើកមកផ្ទះទេសកាលអីកាត់តាមបន្ទប់ ទឹកក៏នឹកឃើញចង់ចូលទៅលាងដៃ។ មិនទាន់បើករ៉ូប៊ីនេទឹកផង ស្រាប់តែឮសមាជិកក្លឹបពីរនាក់និយាយឆ្លើយឆ្លងគ្នាពីក្នុងបង្គន់ តិចៗថា៖
«នែ៎! អញសង្ស័យតែផណ្ណមុំមានរឿងដោយសារតែវិជ្ជតាទេ!»
«ស្អីដែលធ្វើឲ្យអ្ហែងគិតអញ្ចឹង?»
«អើ! បើមុនពេលមានរឿង អញឃើញផណ្ណមុំទទួលទូរសព្ទហើយធ្វើមុខឌឺ! វាដើរហួសអញឡើងទៅជាន់លើឡៅ! អញសួរវាថាទៅណា? វាមិនឆ្លើយតែនិយាយថា ចាំមើលនាងនោះមានអីនិយាយជាមួយអញទៅ! អញចាំពាក្យវាប៉ុណ្ណឹងតែអញគិតថាពាក្យ (នាងនោះ) គឺវាសំដៅលើវិជ្ជតា»
ខ្ញុំនៅទច់ស្ងៀមដកដៃពីរ៉ូប៊ីនេទឹកមកវិញលែងគិតចង់បើកទឹកលាង ដៃហើយ ព្រោះមិនចង់ឲ្យមាននរណាដឹងថាខ្ញុំឮវាចាដ៏យ៉ាប់របស់ពួកគេ វាយប្រហារវិជ្ជតា។ សំឡេងពួកគេលាន់មកបន្តប្រហែលមកពីគេនឹកស្មានថាគ្មានអ្នកណានៅ ទីនេះទៀត។
«អ្ហេ៎? ចុះអ្ហែងគិតថាអ្នកដែលCallហៅផណ្ណមុំទៅលើឡៅនោះជា វិជ្ជតាមែន?»
«មិនដឹងទេ តែពីរនាក់នេះមិនដែលត្រូវគ្នាផង! គឺត្រូវគ្នាតែនៅនឹងមុខ ក្រោយខ្នងមហាកុងគ្នា! កាលពីថ្ងៃចន្ទ បងនួនភាត្រូវថៅកែsponsor កៀបឲ្យដកវិជ្ជតាចេញពីឈុតក្ងោកត្បូងនិលដាក់ផណ្ណមុំជំនួស អញទាយថាប្រាកដជាមានរឿងហើយ! ឥឡូវនេះមែន! ដេកម្នាក់បាត់មែន!»
«អ្ហែងគិតថា វិជ្ជតាហៅផណ្ណមុំហើយច្រានវាឲ្យធ្លាក់ពីលើដំបូលមក?»
«មិនដឹងដែរព្រោះមិនបានឃើញផ្ទាល់ភ្នែក ប៉ុន្តែអារឿងច្រណែនខឹងនេះ វាសាហាវណាស់ណា! ស្អីក៏ហ៊ានធ្វើដែរបំណាច់នឹងគុំទុកហើយនោះវ៉ី!»
ខ្ញុំដកថយចេញមកវិញយឺតៗទាំងធ្ងន់កណ្ដុកក្នុងទ្រូង។ សំខាន់ខ្ញុំអត់ជឿពួកពីរនាក់នោះនិយាយចចេចចចូចទេ ប៉ុន្តែម៉េចក៏មិនបានឃើញវិជ្ជតាសោះ?
មកដល់ផ្ទះ ខ្ញុំចូលចង្ក្រានរកធ្វើអីហូបបន្តិច ព្រោះតាំងពីល្ងាចមកគ្មានអ្វីដាក់ក្រពះទេ។ កំពុងឱនរករើបន្លែនិងមីកញ្ចប់ សម្រិបជើងស្រាលៗខាងក្រៅបន្ទប់បាយធ្វើឲ្យខ្ញុំភ្ញាក់អារម្មណ៍មក វិញដោយរបូតមាត់បន្ទាន់៖
«វិជ្ជតា»
គឺវិជ្ជតាមកវិញពីអង្កាល់? ខ្ញុំអត់ដឹងទេតែវាកំពុងឈរបែរខ្នងនៅរានហាល។ ខ្ញុំដើរទៅរកវាពីក្រោយរ៉ូបខើចខ្លីពណ៌ក្រហមដែលវាទិញមកកាលពី ទៅដើរម៉ូដនៅសិង្ហបុរី តែវាមិនដែលពាក់ទេព្រោះទុកចាំពេលណាមួយមានពិធីកាលីបបន្តិច ព្រោះរ៉ូបនោះរោលរាលពេកប៉ះចំរាងវាខ្ទែតស្គមស្ដើងខ្ពស់ដូចវា ទៀតគឺអស្ចារ្យតែម្ដង។
ខ្ញុំមិនទាន់សួរវាផងថាហេតុអ្វីពាក់ខោអាវឡូយយ៉ាងនេះ ស្រាប់តែផ្កាចំប៉ានៅលើសរសៃសក់ខ្មៅរបស់វាដែលទម្លាក់ចុះមកវែង អន្លាយធ្វើឲ្យខ្ញុំភ្លាត់មាត់៖
«ឯងមកពីណា? ហើយទៅលាបដូរពណ៌សក់ទៅជាខ្មៅតាំងពីអង្កាល់?»
វិជ្ជតាបែរក្រោយជាមួយស្នាមញញឹមលើបបូរមាត់ក្រហមដូចម្ទេសទុំ។ កែវស្រាក្រហមលើដៃវាម្ដេចក៏មានសណ្ឋានដូចជាឈាមពណ៌ក្រហមក្រមៅ? ពន្លឺភ្នែកវាមុតថ្លាហើយនិយាយស្រាលៗយឺតៗមកកាន់ខ្ញុំ៖
«ទីបំផុតគឺយើងជាអ្នកគ្រងឈុតក្ងោកត្បូងនិល!
… ខ្ញុំនៅតែងឿងឆ្ងល់នឹងសំឡេងរបស់វិជ្ជតាដែលកន្លងមកជាមនុស្សនិយាយ ញាប់ប៉ប៉ាច់ប៉ប៉ោច ម៉េចក៏ពេលនេះបែរជានិយាយស្ដីបង្អូសៗនិងស្រាលៗប្លែក?
ខ្ញុំសួរវាវិញតិចៗ៖
«ឯងដឹងរឿងនាងផណ្ណមុំហើយ?»
វាមិននិយាយតែក្រពាត់ដៃញញឹមចត់។ ខ្ញុំដកដង្ហើមធំ ព្រោះនឹកឃើញដល់សម្ដីគេនិយាយដើមវាក្នុងបន្ទប់ទឹក តាមពិតខ្ញុំចង់សួរវាដែរតែខ្លាចប៉ះពាល់ទឹកចិត្តវារឿងដែលថាតើ វាបានហៅផណ្ណមុំឡើងដំបូលក្លឹបអត់នោះ។ ម្យ៉ាងផណ្ណមុំធ្លាក់មកជារឿងគ្រោះថ្នាក់ចៃដន្យ គ្មានរឿងអីវិជ្ជតាមិត្តខ្ញុំទៅធ្វើរឿងអស់នេះទេ បើវាមិនទាន់ទៅក្លឹបម្ដងផងតាំងពីព្រឹកមក។
ដូច្នេះខ្ញុំបំភ្លេចពាក្យអេចអូចនោះហើយចាប់ផ្ដើម និយាយរឿងបានការវិញ៖
«នែ៎! បើដឹងរឿងអស់ហើយម៉េចមិនទៅប្រជុំ? ទុកឲ្យបងនួនភារកឯងឡើងល្វីងមុខហើយ!»
វិជ្ជតានិយាយមកវិញធ្វើវាហី៖
«ឲ្យគាត់ស្គាល់ប្រឹងម្ដង! នៅមិននៅមកដកយើងចេញកណ្ដាលទី ឥឡូវទ័លខ្យល់ចង់មកពឹងយើងវិញ មិនចេះមករកយើងដល់ផ្ទះទេ? បើមកមិនបាន យើងក៏មិនទៅ!»
ម៉េចក៏វិជ្ជតាថ្ងៃនេះគ្រោតគ្រាតដល់ម្ល៉ឹង? ខ្ញុំនឹកម្នាក់ឯងក្នុងចិត្ត។ ឬមួយថ្ងៃនោះផណ្ណមុំឆក់បានតំណែងវាពិតជាបងនួនភាធ្វើឲ្យ វិជ្ជតាឈឺចាប់ហើយគុំកួនគាត់មិនងាយភ្លេចមែន?
ខ្ញុំដកដង្ហើមធំនឹកឃើញដល់នាងផណ្ណមុំដែលដេកស្តឹកក្នុងពេទ្យ៖
«ផណ្ណមុំក៏អញ្ចឹងដែរប្រឹងនោះប្រឹង ជែងគេជែងឯងទទឹងទិស ទីបំផុតមកស៊យកប់ដី! ជិតដល់ថ្ងៃបានឡើងឆាកធំហើយ បែរជាដេកសន្លប់ក្នុងICU?»
វិជ្ជតា ញាក់មាត់សើច។ គឺជាសំណើចដ៏មានពិសហើយកាចសាហាវ៖
«វាហ្នឹងហ្អី? ដែលចង់មកប្រជែងភព្វបារមីជាមួយយើង?»
ខ្ញុំធុញនឹងចរិតបញ្ចេញភាពច្រណែនជែងរបស់គ្នាជាចំហនៅពេលនេះ។ ខ្ញុំចងចិញ្ចើមស្ដីឲ្យវាផូង៖
«ទោះបីយ៉ាងណា យើងមិនត្រូវសប្បាយលើគំនរទុក្ខអ្នកដទៃទេ! មកផឹកស្រាអួទីនួសប្បាយអបអរឲ្យខ្លួនឯងទាំងថ្ងៃទៅកើត?»
ខ្ញុំនិយាយរួចក៏បែរខ្នងដើរចោលវាមិនខ្ចីទាំងសម្លឹងមុខវាព្រោះ ទោះយ៉ាងណា ប្រសិនបើវាគ្មានចិត្តអាណិតមិត្តរួមអាជីពសូម្បីតែបន្តិចក៏មិន ត្រូវបង្ហាញអារម្មណ៍ត្រេកអរអីដល់ថ្នាក់នេះដែរ។ ខ្ញុំដើរបានពីរជំហានស្នូរកែវធ្លាក់ខ្ចាយបានធ្វើឲ្យខ្ញុំបើក ភ្នែកធំៗបែរក្រោយសម្លឹងវិជ្ជតាទាំងស្លុតចិត្តព្រោះវាហ៊ានហួសពី ការគិតរបស់ខ្ញុំគឺបោកកម្ទេចចោលកែវក្នុងApartmentដែលយើងជួលនៅ ជាមួយគ្នា។
ខ្ញុំបើកភ្នែកធំៗសម្លឹងកម្លាំងខ្ចាយនៃគ្រាប់អំបែងតូចធំដែលរត់ រមេញលើកម្រាលឥដ្ឋហើយងើបមុខមកមើលមិត្តដ៏ល្អរបស់ខ្ញុំដែលហែល ឆ្លងមកពីស្រែជាមួយគ្នាទម្រាំក្លាយជាតារាជួរមុខដូចសព្វថ្ងៃ។ ក្រៅពីនិយាយស្ដីច្រើនឥតប្រយោជន៍ វិជ្ជតាគឺខ្លាចគេណាស់ វាមិនដែលហ៊ានក្អកទេ ពេលផណ្ណមុំនិយាយឌឺធ្វើបាបចិត្តវាម្ដងៗដោយសារវាស្អាតលើសគេ ឯងក្នុងចំណោមសមាជិកក្លឹប គេឧស្សាហ៍នាំគ្នារួមគំនិតគ្នាច្រណែនធ្វើបាបវាណាស់ មានតែខ្ញុំដែលតែងតែចេញមុខការពារវារហូតដល់មានគេថាពីរនាក់យើង ជាស្រីស្រលាញ់ស្រីផង។ ម្ដងនេះវាបោកកែវចោលក៏ព្រោះទាស់ចិត្តសម្ដីខ្ញុំប៉ុន្មានម៉ាត់? ខ្ញុំមិនទាន់និយាយចេញមួយម៉ាត់ផងវាជះសម្ដីកំបុតកំបុយមុតដូច ដែកមកកាន់ខ្ញុំ៖
«ឯងយកវា ឬយកខ្ញុំ ច័ន្ទតែន?»
ឈ្មោះច័ន្ទតែន និងវិជ្ជតាជាមិត្តនឹងគ្នា ល្អនឹងគ្នា ត្រង់នឹងគ្នា គ្មានអ្នកណាម្នាក់មិនដឹងនោះទេក្នុងពិភពសិល្បៈនេះ។ លើកនេះសំណួរវាធ្វើឲ្យខ្ញុំច្រងាប់ច្រងិលក្នុងចិត្តព្រោះវាមិន ដូចវិជ្ជតារបស់ខ្ញុំពីមុនទៀតសោះ។ ក្រោមក្រសែភ្នែកឆ្មើងឆ្មៃក្ដៅគគុករបស់វា ខ្ញុំសម្លឹងមិនខ្ចីឆ្លើយតបតែខំសម្លឹងវាពីលើដល់ក្រោមរិះគិត គ្រប់សព្វបែបយ៉ាងមុនពេលស្ទុះចូលទៅកៀកវាផាត់សក់វាចេញសម្លឹង មើលស្មាទាំងទ្វេរបស់វា។
ខ្ញុំបើកភ្នែកធំៗព្រោះស្មាស្ដាំរបស់វិជ្ជតាអណ្ដែតនូវរូប មយូរាពណ៌ខ្មៅច្បាស់នឹងភ្នែក។ ខ្ញុំទម្លាក់ដៃពីសក់ខ្មៅក្រឹបរបស់វាហើយថយក្រោយក្រាកៗ។
«មានន័យថាយប់មិញនេះវាព្រមឲ្យមេមត់នោះសាក់អាគមលើស្មាវាមែន»?
ខ្ញុំនៅស្ងៀមដូចគេចុកល្មមពេលវិជ្ជតាបែរមកប្រឈមចំពោះមុខខ្ញុំ។ ស្នូរកណ្ដឹងទ្វារបានរារាំងបរិយាកាសអាប់អួនេះ។ វិជ្ជតាងាកទៅសម្លក់ទ្វារ ឯខ្ញុំដើរទៅបើកទ្វារ។
«កើបអំបែងឡើងឲ្យអស់ បើមិនចង់ខ្មាសគេ!»
ខ្ញុំថាឲ្យវាមុនពេលដើរហួសពីវាទៅ។ ខ្ញុំដើរយឺតៗមានចេតនាចង់ពន្យារពេលដើម្បីឲ្យវាបានរៀបចំអ្វីៗ ឲ្យរៀបរយ។ ពេលបើកទ្វារឃើញមេក្លឹបមកដល់ជាមួយកូនចៅពីរនាក់ទៀត ខ្ញុំហៅឈ្មោះគាត់របៀបភ្ញាក់៖
«បងនួនភា?»
តាមពិតគឺខ្ញុំចង់ឲ្យវិជ្ជតាឮដើម្បីកែទឹកមុខនិងចរិតឆ្កួតៗ របស់វាចេញឲ្យបានកាន់តែឆាប់កាន់តែល្អមុនពេលអ្នកក្រៅគេបានឃើញ ។
ខ្ញុំអញ្ជើញភ្ញៀវចូលទាំងលួចដៀងភ្នែកមើលទៅរានហាល។ នាងវិជ្ជតាបាត់ទៅណាបាត់ហើយ។ ខ្ញុំរេភ្នែកទៅរកកម្រាលព្រំអំបែងមួយគ្រាប់ក៏អត់ឃើញដែរ។ ធូរទ្រូងណាស់។
«ទីបំផុតហេតុតែទាល់ច្រកបងនួនភាសុខចិត្តមកតាមរកវិជ្ជតាដល់ ផ្ទះ? ពីមុនគាត់ដាច់ចិត្តបោះបង់ វាចោលឲ្យរងអាម៉ាស់ដោយសារខ្លាចបុណ្យថៅកែក្រុមហ៊ុននោះ! គិតទៅមនុស្សយើងប្រែប្រួលលឿនមែនរកតែគិតមិនទាន់ពិសេសពួកអ្នកដែល បានប្រយោជន៍ពីសិល្បករដូចជាពួកយើង ឲ្យតែយើងមានប្រយោជន៍ឲ្យគេ មុខក្រាស់យ៉ាងណាក៏គេធ្វើបានដែរ!»
គិតហើយខ្ញុំនិយាយគួរសមទៅរកគាត់៖
«អញ្ជើញអង្គុយអ្នកបង! ខ្ញុំទៅហៅវាចេញមក!»
ខ្ញុំហៀបនឹងដើរទៅ តែគាត់និយាយកាត់ស្មើធេង៖
«ខ្ញុំមករកឯងហ្នឹងហើយច័ន្ទតែន!»
ខ្ញុំងាកសម្លឹងគាត់និងអាពីរនាក់ដែលមកអមគាត់។ ហេតុអ្វីបានជាពួកគេមករកខ្ញុំ? ក្រែងមុននេះគាត់ចង់ឲ្យវិជ្ជតាដើរម៉ូដឯកក្ងោកត្បូងនិលហី្អ?
ខ្ញុំអង្គុយចុះសន្សឹមៗទៅលើសាឡុងក្នុងចិត្តក្ដៅឆេវនឹកថានាង វិជ្ជតានេះចំជាខ្វះការគួរសមមែនសូម្បីតែប្រធានមករកដល់ផ្ទះហើយ ក៏មិនចេញមកទទួលគាត់ទៀត។
«រកខ្ញុំ? រកខ្ញុំមានការ…អី…?
«ឯងត្រូវដូរឲ្យទៅដើរម៉ូដឯក! គឺស្លៀកឈុតក្ងោកត្បូងនិល!»
ខ្ញុំភ្ញាក់ព្រើតបើកភ្នែកធំៗ។ មិនទាន់ហើបមាត់សួរគាត់ពីការផ្លាស់ប្ដូរចិត្តលឿនដូចផ្លេកបន្ទោរ របស់គាត់នេះផង ស្រាប់តែឃើញភ្ញៀវទាំងពីរសម្លឹងមកក្រោយខ្នងខ្ញុំ។ ខ្ញុំដឹងថាប្រាកដជាវិជ្ជតាវាបង្ហាញខ្លួន។
ខ្ញុំបែរក្រោយទៅរកវាភ្លាមដែរ។
លើដៃវិជ្ជតាមានថាសទឹកជាមួយកែវភេសជ្ជៈបី ប៉ុន្តែទឹកមុខពោរពេញដោយកំហឹង។ វាខឹងត្រូវហើយ ព្រោះពីដំបូងដកវាចេញដាក់នាងផណ្ណមុំ ពេលនេះផណ្ណមុំចូលពេទ្យគាត់ទើបតែប្រកាសថ្មីៗថាដាក់វាវិញ ស្រាប់តែពេលនេះមកប្ដូរដាក់ខ្ញុំវិញទៀត។
ខ្ញុំគាំងអណ្ដាតរកនិយាយអីមិនចេញតែម្ដង។ ចំណែកវិជ្ជតាវាដើរមកយឺតៗហើយដាក់បង្គុយប៉ុកក្បែរខ្ញុំដោយ ទម្លាក់ថាសទឹកគ្រឹបទៅលើតុមិនខ្ចីអញ្ជើញភ្ញៀវ។ ទឹកមុខវាបានបង្ហាញឲ្យពួកគេដឹងស្រេចហើយថាវាកំពុងខឹងណាស់ ចំណែកខ្ញុំដែលត្រូវគេយកមករង ក៏មិនស្រួលចិត្តដែរ។ ខ្ញុំនិយាយបន្ធូរបរិយាកាស៖
«អ្នកបងនួនភា! ព្រឹកមិញក្នុងអង្គប្រជុំ! អ្នកបងថាដាក់វិជ្ជតាជំនួសផណ្ណមុំមែនអត់?»
ប្រធានខ្ញុំបង្ហាញភាពមិនសប្បាយចិត្តតាមពន្លឺភ្នែកគាត់និយាយដោយមិនមើលមុខវិជ្ជតាដែលភ្នែកក្រហមដោយកំហឹង៖
«ខ្ញុំអត់ចូលចិត្តឲ្យមនុស្សច្រណែនគ្នាចងអាឃាតគ្នាបានមកដើរ ម៉ូដឯកតំណាងក្លឹបខ្ញុំទេ! មនុស្សដែលធ្វើបាបគ្នាឯងដោយមធ្យោបាយថោកទាប ទៅគ្រងឈុតក្ងោកត្បូងនិលនាំតែអាប់ឈ្មោះដល់ក្រុមនិងកម្មវិធី ទាំងមូលទៀត!»
ខ្ញុំស្ទើរលស់ព្រលឹង និម្មិតតែឮសម្ដីរបស់អសុរោះរបស់បងនួនភា។ ជាទូទៅគាត់មិនដែលនិយាយជូរចត់អីយ៉ាងនេះទេ។ ចំណែកវិជ្ជតាកំពុងប្រែចរិតស្រាប់។ ខ្ញុំខ្លាចតែវាមានប្រតិកម្មវិញទេ។ ខ្ញុំសម្លឹងមើលវាឃើញវាធ្វើមុខក្រហមមិននិយាយអ្វីទាំងអស់។ ខ្ញុំគិតថាវាមិនចេញស្ដីល្អជាងព្រោះសម្ដីវាទើបតែធ្វើឲ្យខ្ញុំ បះសក់ដែរកាលពីមុននេះ។ ខ្ញុំនិយាយតិចៗ៖
«អ្នកបងចង់មានប្រសាសន៍ថាម៉េចហ្នឹងខ្ញុំអត់យល់អីទេ!»
ពួកគេមិនទាន់ឆ្លើយមកវិញយ៉ាងណាផង វិជ្ជតានិយាយរបៀបអង្គ្រឺតធ្មេញ៖
«អត់យល់អីទៀត? គឺពួកគេកំពុងជេរយើង!»
ខ្ញុំជ្រួញចិញ្ចើម ងាកមកសម្លឹងមុខវាដែលវាមិនសមថាមិនចេះអត់ធ្មត់ដល់ថ្នាក់នេះ សោះ។ គាប់ជួនបងនួនភាជះមកវិញប្រាវ៖
«សុំទោសវិជ្ជតា! ខ្ញុំមិនបានជេរនាងទេ តែខ្ញុំនិយាយពីមនុស្សដែលធ្វើឲ្យផណ្ណមុំធ្លាក់ពីលើឡៅព្រឹកមិញ! នាងបានធ្វើអីខ្លះនាងគួរតែដឹងខ្លួនហើយ! មុនផណ្ណមុំឡើងទៅនោះ គឺនាងបានទូរសព្ទទៅហៅផណ្ណមុំឲ្យឡើងទៅជួបនៅខាងលើ ខាងក្រុមហ៊ុនទូរសព្ទគេមានកំណត់ហេតុទុកទៀតបើនាងចង់ប្រកែក! ចប់ពីនេះខ្ញុំនឹងរាយការណ៍ទៅប៉ូលិសឲ្យគេមកជួបនាងដើម្បីរក ខុសត្រូវឆាប់ៗនេះហើយ!»
គាត់ក្រោកចាកចេញ តែមុនពេលឈានចេញគាត់ងាកមកផ្លែផ្កាបន្ថែមព្រោះមិនទាន់បាត់ក្រោធ៖
«បើនាងគិតថាធ្វើបាបផណ្ណមុំហើយ នាងបានគ្រងក្ងោកត្បូងនិល នាងគិតខុសហើយវិជ្ជតា! ល្បិចគម្រក់អញ្ចឹងមិនអាចជួយឲ្យនាងបានសម្រេចទេ! បើខ្ញុំបិទភ្នែកសមបំណងនាង មានតែខ្ញុំសុខចិត្តមិនគប្បីជាមួយអាមុំដែលកំពុងតែដេកសន្លប់ធំ នោះ! គ្នាបាក់ជើងហើយ ទោះថ្ងៃក្រោយជា ក៏គ្នាដើរម៉ូដលែងកើតទៀតដែរ! បើថាច័ន្ទតែននៅតែដើរម៉ូដឯកនេះមិនបាន ខ្ញុំសុខចិត្តទៅជួលតួពីក្លឹបផ្សេង! ចំណែកឯងត្រៀមជាប់គុកទៅ! តោះយើង»
បងនួនភានាំកូនចៅគាត់ដើរតម្រង់ទ្វារក្នុងពេលទឹកមុខវិជ្ជតា កាន់តែក្រហមស្មើនឹងអាវព្រមទាំងក្រែមលាបមាត់របស់នាង។
ខ្ញុំភិតភ័យខំរត់ត្រុកៗតាមបងនួនភាហើយនិយាយអង្វរគាត់៖
«អ្នកបង! អ្នកបង! ស្ដាប់សិន អ្នកបង!»
ប្រហែលជាគាត់នៅយោគយល់ខ្ញុំ បានជាគាត់នៅឈប់ទ្រឹងមុខទ្វារបន្ទប់។ ខ្ញុំបានឱកាសនិយាយភ្លាម៖
«អ្នកបង! ប្រហែលរឿងច្រឡំទេ! វិជ្ជតាអត់បានធ្វើអញ្ចឹងទេអ្នកបង! ស្ដាប់វាបកស្រាយសិនទៅ!»
ខ្ញុំងាកមករកវិជ្ជតាដែលក្រោកឈរមកយឺតៗពីក្រោយខ្នងខ្ញុំ ខ្ញុំនិយាយតឿនវាទាំងភ័យពេញក្នុងចិត្ត៖
«ជម្រាបអ្នកបងភ្លាមទៅ ថាឯងអត់ពាក់ព័ន្ធទេ! វិជ្ជតានិយាយភ្លាមទៅ!»
វិជ្ជតា មិនសម្រួលចិត្តដោះស្រាយរឿងធំចំពោះមុខដែលមិនត្រឹមប្រឈមនឹងការ បាត់បង់ការងារ វាអាចជាប់គុក ហើយត្រូវអ្នកផងស្អប់ខ្ពើមទៀត។ វាបែរជាសើចអង្គ្រឺតធ្មេញ៖
«មានអីត្រូវបកស្រាយ! នាងផណ្ណមុំវាប្រឆាំងនឹងយើង! ធ្លាក់ពីលើដំបូលមិនស្លាប់រាប់ថាជាគុណបុណ្យហើយ! ចង្រៃប្រហែលវាចង់ធ្វើអ្នកបង្ហាញម៉ូដជែងជាមួយយើងផង?»
ខ្ញុំឮហើយវិលមុខចងដួលដេកដីភ្លាមៗ។
មិនទាន់បានបង្អាក់វិជ្ជតាផងស្រាប់តែឃើញវាលើកដៃស្ដាំចង្អុល ទៅប្រធានក្លឹបហើយជះភ្លើងពណ៌ក្រហមតាមភ្នែកទាំងសង។ ខ្ញុំរន្ធត់ស្រែកវ៉ាសក្នុងពេលដែលរាងកាយបងនួនភាអណ្ដែតទៅទល់នឹង ជញ្ជាំងបន្ទប់តាមកម្លាំងចង្អុលរបស់វិជ្ជតា។ គាត់ខ្វើកៗម្នាក់ឯងក្នុងលំហធ្វើឲ្យពួកកូនចៅច្រហមាត់ធ្លុង ព្រោះភាំងស្មារតីដោយការភ័យភិត។
«យើងមិនត្រឹមធ្វើឲ្យផណ្ណមុំបាក់ជើងទេ សូម្បីតែនាងក៏ដោយនួនភា ដែលនាងមិនគោរពយើង នាងនឹងទទួលលទ្ធផលដូចគ្នា គឺចាក ចេញពីសិល្បៈទៅនៅលើរទេះរហូតដល់ថ្ងៃស្លាប់ទៅ»
វិជ្ជតាថាហើយលើកដៃបម្រុងនឹងគ្រវែងបងនួនភាចុះដីតាមប្រលោះរានហាល តែខ្ញុំប្រមូលស្មារតីស្រែកឃាត់ភ្លាត់សូរសំឡេង៖
«ឈប់!»
នាងវិជ្ជតាងាកមកសម្លឹងខ្ញុំរួចទើបវាខាំធ្មេញទម្លាក់ដៃចុះ ធ្វើឲ្យបងនួនភាធ្លាក់ដីខ្ពាកសន្លប់បាត់មាត់បាត់ក។ ហើយវាយារដៃទះខ្យល់ពីចម្ងាយពីរផាច់ធ្វើឲ្យកូនចៅទាំងពីររបស់ ប្រធានក្លឹបវិលខ្ញាល់ដួលសន្លប់ដែរ។
នាងងាកមករកខ្ញុំហើយឈានជើងសំដៅខ្ញុំ។
វិជ្ជតាចូលមកកាន់តែកៀក ខ្ញុំចេះតែថយគេចចេញរហូតមកទ័លត្រឹមបង្កាន់ដៃរានហាលខាងក្រៅផ្ទះ។
«នាងផណ្ណមុំជាមារធ្វើបាបយើង! វាធ្វើបាបយើងរហូតមកឯងមានឃើញដែរ? ឥឡូវនេះដល់វេនយើងសងវាម្ដងហើយវាត្រឹមត្រូវហើយគ្មានអីខុសទេ!! ហេតុអ្វីគ្រប់គ្នាអាណិតវាហើយមិនគិតពីយើង?»
ខ្ញុំនៅញ័រទទ្រើកនិយាយអីអត់ចេញបានត្រឹមសម្លឹងទឹកមុខកាចសាហាវរបស់វា។
វាស្រែកសន្ធាប់មកកាន់ខ្ញុំជាមួយពាក្យប៉ុន្មានម៉ាត់ចុងក្រោយ៖
«ពួកអស់នេះប្រឆាំងនឹងយើង ឯងអាណិតវាធ្វើអីអ្ហះ?»
ហេតុការណ៍នេះធ្វើឲ្យខ្ញុំវិលស្មារតីលែងគ្រប់គ្រងខ្លួនឯងបាន។ ខ្ញុំរបូតមាត់ញ័រៗហើយខ្សាវៗ៖
«ឯងជាអ្នកណា? ឯង….ឯង…មិនមែនវិជ្ជតាទេ! ចេញទៅ….»
វិជ្ជតាងើបមុខសើចក្អាកក្អាយ។ ខ្ញុំរំលៀកខ្លួនរករត់ទៅមាត់ទ្វារ ប៉ុន្តែនាងស្ទុះមកពាំងខ្ញុំជាប់៖
«កុំខ្វល់ថាយើងជាអ្នកណា! ឲ្យតែឯងនៅខាងយើង ឯងធ្វើតាមយើងឯងនឹងបានអ្វីគ្រប់យ៉ាងនាងចន្ទ័តែន!»
ខ្ញុំក្ដាប់មាត់។ ខ្ញុំខឹងផងភ័យផង។ មេមត់នោះប្រាកដជាមានទាក់ទងចំពោះការប្រែប្រួលរបស់វិជ្ជតាច្បាស់ ណាស់។ ពិសេសស្នាមមយូរាលើស្មាវា។ ខ្ញុំមិនទាន់ហើបមាត់បានមួយម៉ាត់ណាទេ។ សូរសំឡេងវាលាន់មកបន្ថែមយ៉ាងគ្រោតគ្រាត៖
«បើពុំនោះទេ! ឯងនឹងមានវាសនាដូចនាងផណ្ណមុំដែរ»
ខ្ញុំញ័រដៃទទ្រើកច្រានវាចេញមួយទំហឹងទាំងមាត់ស្រែក៖
«ឯងខ្មោចចូលហើយ»
ខ្ញុំស្ទុះវឹងចេញពីបន្ទប់នោះរត់តាមជណ្ដើរថ្មើរជើងតម្រង់មក ជាន់ខាងក្រោមដោយគ្មានទិសតំបន់មកបុកវាក់អ៊ើនឹងបុរសម្នាក់ធ្វើ ឲ្យគេឱបខ្ញុំជាប់ពេញរង្វង់ដៃកុំឲ្យធ្លាក់រមៀលចុះក្រោមទាំង អស់គ្នា។
ខ្ញុំអស់ពីស្រែកយ៉ៃដោយរន្ធត់ ក៏នៅសំងំស្ងៀមក្នុងដៃបុរសនោះរហូតដល់គេនោះឃើញថាខ្ញុំទប់ ស្មារតីវិញបានគ្រាន់បើហើយទើបគេលែងខ្ញុំយឺតៗហើយនិយាយតិចៗថា៖
«ឈប់ភ័យទៅ!»
ខ្ញុំងើបមុខឡើងទើបដឹងថាគាត់នោះគឺទ្រង់ទិព្វមន្តា អ្នកច្នៃម៉ូដនិងជាម្ចាស់កម្មវិធីរាត្រីក្ងោកត្បូងនិលដែលពួក យើងនឹងសម្ពោធនៅថ្ងៃសុក្រនោះ។ ខ្ញុំលើកដៃសំពះធ្វើគារវកិច្ចឆ្គងៗព្រោះមិនចេះនិយាយពាក្យស្ដេច ហើយនិងពិធីការអ្វីច្រើន។ ពេលនោះទៀតសោតក៏និយាយមិនចេញបានត្រឹមតែប៉ុន្មានម៉ាត់ថា៖
«គឺ….ទ្រង់…..ទ្រង់….?»
រាជវង្សានុវង្សដ៏ល្បីព្រះកិត្តិនាមក្នុងចំណោមអ្នកច្នៃម៉ូដ ព្រះអង្គថែមទាំងមានព្រះកាយពល ខ្ពស់សង្ហាមាំមួននិងទឹកព្រះទ័យរាបសាទ្រង់បន្ទូលកាត់ភាពទាក់ទើរ ក្នុងការប្រើភាសាស្ដេចរបស់ខ្ញុំដែលនៅក្រោមកម្រិតមធ្យម៖
«ចូរហៅខ្ញុំថា Lerian ក៏បានព្រោះប្រើភាសាអង់គ្លេសកាន់តែស្រួលជាងនេះមិនលំបាកស្មុគស្មាញ!»
ទ្រង់ទិព្វមន្តាដែលអ្នកស្គាល់ជិតដិតនិយមហៅទ្រង់ថាឡេរ៉ាន Lerian នោះបានអញ្ជើញ ខ្ញុំចូលទៅកាន់ Apartment ទ្រង់ហើយទទួលកាហ្វេព្រមទាំងសួរនាំហេតុភេទដែលនាំឲ្យខ្ញុំរត់ ចុះមកតាមជណ្ដើរជើង។
ដោយសារមិនសូវចេះលាក់លៀម ណាមួយទ្រង់ជាបុគ្គលខ្ពង់ខ្ពស់បង្ហាញសមានចិត្តរាប់អានយើងស្មោះផង ខ្ញុំក៏ប្រាប់ទាំងអស់ដោយឥតមានលាក់លៀមអ្វីទេ។
ទ្រង់ Lerian បានទូរសព្ទហៅសន្តិសុខនៅជាន់ខាងក្រោមឡើងមក។ ពួកយើងនាំគ្នាឡើងត្រលប់ទៅកាន់បន្ទប់ apartment របស់ខ្ញុំហើយបើកសោចូល។
យើងឃើញបងនួនភានិងកូនចៅគាត់ពីរនាក់ដេកសន្លប់ស្ដូកស្ដឹងនៅលើ ឥដ្ឋចំណែកឯវិជ្ជតាបាត់ស្រមោលឈឹងសូន្យ។ មុនពេលពួកគេដឹងខ្លួនពីសន្លប់ប៉ូលិសមិនជឿពាក្យដែលខ្ញុំនិយាយទេ ដោយពួកគេគិតថាខ្ញុំនេះហើយជាអ្នកធ្វើឲ្យពួកគេបីនាក់នោះ សន្លប់។ កុំតែបានបងនួនភាដឹងខ្លួនឡើងនៅថ្ងៃបន្ទាប់ ម្ល៉េះសមខ្ញុំត្រូវចាប់នៅប៉ុស្តិ៍ដល់៤៨ម៉ោងដើម្បីសួរនាំទៀតទៅ ហើយ។
ពេលចេញពីប៉ុស្តិ៍មកវិញគឺម៉ោង៨យប់ទៅហើយ។ ខ្ញុំមិនហ៊ានទៅApartmentនោះវិញទេគឺមានបំណងចង់សុំផ្ទះបងនួនភា ស្នាក់ ប៉ុន្តែទ្រង់ទិព្វមន្តានៅរង់ចាំនៅខាងក្រៅជាស្រេច។ បើមិនមែនស្ថិតក្នុងហេតុការណ៍អាក្រក់ម្ល៉ឹងទេ ខ្ញុំច្បាស់ជាច្រឡំថាទ្រង់គឺតាមស្រលាញ់ខ្ញុំ ប៉ុន្តែធាតុពិតគឺផ្សេង។
«តែន! ខ្ញុំមានវិធីដើម្បីជួយដល់មិត្តរបស់នាងហើយ!»
ខ្ញុំបើកភ្នែកធំៗដោយរីករាយវិញបន្តិចភ្លាម ព្រោះថាទោះបីពេលនេះមិនដឹងវិជ្ជតាទៅដល់ទីណា ប៉ុន្តែខ្ញុំនៅតែបារម្ភពីវា។
«ត្រូវធ្វើយ៉ាងណាទៅ?»
«ខ្ញុំនាំនាងទៅរកមនុស្សម្នាក់!»
«ឥឡូវនេះ?»
ត្រូវហើយគឺទ្រង់បាននាំខ្ញុំទៅទាំងយប់ដើម្បីជួបមនុស្សពិសេសម្នាក់។
ទ្រង់Lerian មានស្គាល់ដូនជីម្នាក់ ដែលកាលពីនៅក្មេងធ្លាប់ជាក្រុមល្ខោនហ្លួង។ លោកយាយឈ្មោះក្លឹងមានព្រះជន្មជាង៨០ហើយ ប៉ុន្តែភ្នែកនៅសម្គាល់បានច្បាស់ និយាយបានស្មើមិនហត់មិនញ័រ។
លោកយាយស្នាក់នៅក្នុងគេហដ្ឋានរបស់ចៅប្រុសដែលបច្ចុប្បន្នជា មន្ត្រីព្រះបរមរាជវាំងនិងមានគេហដ្ឋាននៅចំពីក្រោយព្រះបរមរាជវាំង តែម្ដង។ គ្រាន់តែប្រទាននាមទ្រង់ Lerian លោកយាយអនុញ្ញាតឲ្យពួកយើងចូលជួបនៅទីសំណាក់របស់លោកយាយ ដែលនៅឆ្ងាយដាច់គេនៅឯសួនខាងក្រោយគេហដ្ឋាននោះ។
ពេលសមគួររួចកាលណាទ្រង់ Lerian បានអធិប្បាយដោយសង្ខេបនូវហេតុភេទដែលខ្ញុំនិងវិជ្ជតាបានជួបរាប់ ចាប់តាំងពីកាលដែលចេញទៅរកមេមត់នៅខេត្តពោធិ៍សាត់ រហូតដល់អ្នកបងនួនភាត្រូវវិជ្ជតាចង្អុលរហូតដល់អណ្ដែតឡើងលើលំហ ហើយធ្លាក់ចុះទង្គិចនឹងឥដ្ឋដល់សន្លប់។
លោកយាយក្លឹងយល់ការណ៍អស់កាលណាសួរមកខ្ញុំវិញបន្ទាន់៖
«តើនាងនៅចាំពាក្យពេចន៍ទាំងឡាយដែលមេមត់នោះបាននិយាយមុនពេលមិត្តនាងប្រែប្រួលចរិតទេ?»
ខ្ញុំរកនឹកបន្តិចក៏ឆ្លើយប្រាប់តាមដំណើរថា៖
«គាត់ថានឹងរកស្នូកអណ្ដើកសំលៀងជាម្ជុល..ហើយឲ្យសំពះ…ព្រះនាង…ឌី…ឌីត្តាព្រះនាងគ្រូ»
ដូនចាស់បើកភ្នែកធំៗ គាត់សួរខ្ញុំវិញភ្លាមថា៖
«រួចចុះយ៉ាងម៉េចទៀត! វិជ្ជតាព្រមសំពះទេ?»
ខ្ញុំងក់ក្បាលទាំងភ័យបន្តិចអីបន្តិច៖
«ចាសគឺវាថាអ្នកណាក៏ដោយឲ្យតែអាចជួយសម្រេចបំណងវាបាន វានឹងសំពះបាតជើងទុកជាគ្រូ!»
លោកយាយដកដង្ហើមធំបែបតឹងទ្រូង។ ហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចនាយប់ម្សិលបានវិលត្រលប់មកវិញហាក់បី ដូចជានៅថ្មីៗធ្វើឲ្យខ្ញុំរបូតមាត់និយាយបន្តដោយឥតចាំគេសួរ៖
«គ្រាន់តែវានិយាយចប់ភ្លាម! វាដូចជាក្លាយជាមនុស្សផ្សេងទៅហើយ! ពេលវាងាកមក មុខវាទៅជាអ្នកណាគេមិនដឹងភ្នែកធំៗ ថ្ពាល់សស្លេក លើជើងសក់ក្បែរថ្ងាសដាំពេជ្រជាជួរគួរឲ្យខ្លាច»
ខ្ញុំទើបតែនិយាយដល់ត្រង់ណេះ លោកយាយភ្លាត់មាត់៖
«អ្នកម្នាងភីរៈឌីត្តា?»
ខ្ញុំត្រេកអរ៖
«ត្រូវហើយ! គឺឈ្មោះ…អុះអត់ទេ គឺព្រះនាមនេះហើយ!»
លោកយាយក្រោករញីរញ័ររើក្នុងទូឈើខ្មៅក្រឹបបើកយកសៀវភៅចាស់ពណ៌ ខ្លឹមចន្ទន៍មួយក្បាលចេញមកហើយផ្ទាត់បើកសន្លឹកនីមួយៗដោយយកចិត្ត ទុកដាក់ក្រោមក្រសែភ្នែកអន្ទះសារបស់ខ្ញុំនិងទ្រង់ទិព្វមន្តា។
«មើលមើល៍ចៅ? រូបនេះមែនទេ?»
ខ្ញុំឱនទៅសម្លឹងពិនិត្យរូបគំនូរដោយដៃក្នុងសៀវភៅនោះភ្លែត។
ទោះបីជាសន្លឹកសៀវភៅហាក់ចាស់បន្តិចប៉ុន្តែគ្រាប់ពេជ្រចាំងជា ជួរលើថ្ងាសក្បែរជើងសក់និងចង្កេះកាច់បត់ដូចអប្សរាព្រមទាំងកែវ ភ្នែកទាំងគូរធំៗមានរង្វង់ខ្មៅក្រាស់ ដូចត្បូងនិលច្នៃនោះធ្វើឲ្យខ្ញុំទទួលថានារីក្នុងសន្លឹកគំនូរ នោះជានារីដែលខ្ញុំឃើញនៅខេត្តពោធិ៍សាត់។ ខ្ញុំងក់ក្បាលដោយមិន ដឹងខ្លួន។
«នេះជាគំនូររបស់អ្នកម្នាងភីរៈឌីត្តា ជាអ្នករាំហ្លួងដ៏ល្បីជាងមួយពាន់ឆ្នាំមកហើយ! ក្រុមរបាំហ្លួងក្រោយៗអ្នកណាក៏រំលឹកពីកិត្តិនាមអ្នកម្នាងថាស្អាត បណ្ដាច់និងរាំបានល្អឥតទាស់!»
«ចុះអាគមសាក់មយូរាមានទាក់ទងអីទេ?» ព្រះសូរសៀងទ្រង់ទិព្វមន្តាដែលទប់នឹងសួរទៅកាន់ដូន ចាស់។ ដូនចាស់និយាយដោយដង្ហើមធំ៖
«ធ្លាប់ឮពាក្យមាត់ចាបមាត់ព្រាបថា អ្នកម្នាងនេះមានចិត្តសាហាវហួសហេតុ តែចង់ផ្គាប់ព្រះទ័យព្រះរាជាសម័យនោះសុខចិត្តទទួលព្រាយមយូរាទុកជា បាអាចារ្យហាត់រៀនមន្តអាគមខ្មៅងងឹត ធ្វើឲ្យផ្ទៃវាំងទាំងមូលរងចលាចល សម្លាប់ព្រះមហេសីនិងពពួកស្រីស្នំដទៃឲ្យខ្ចាត់ខ្ចាយ! អ្នកម្នាងបានឡើងគ្រងរាជាជាគូនឹងក្សត្រាដែលងប់ងុលតែនឹងអាគម ខ្មៅនោះ ព្រះអង្គទុកឲ្យរាស្ត្ររងលំបាកលំបិន! ចំណេរក្រោយមក ឮថាមានអ្នកសច្ចំម្នាក់បានបង្ក្រាបអំពើបាបរបស់អ្នកម្នាងនោះបាន ហើយខាបយកព្រលឹងរបស់នាងទៅដាក់ក្នុងផ្ទាំងសិលាមួយដោយមានការបិទ អក្សរបាលីជាគ្រឿងសង្កត់! សិលានោះបានរសាត់អណ្ដែតដោយសារក្រោយមកឮថាមានសេដ្ឋីបុរាណវត្ថុ ថៃម្នាក់ទិញយកទៅទុកហើយក៏បាត់ដំណឹងសូន្យមក! បើអ្នកម្នាងពិតជាចូលទន្ទ្រានរាងកាយវិជ្ជតា មុខតែមានអ្នកណាម្នាក់បានធ្វើឲ្យរបូតអក្សរបាលីលើសិលានោះ មិនខាន!»
«ធ្វើម៉េចទៅ?»
ខ្ញុំភ្លាត់មាត់ទាំងភិតភ័យ។
«លោកយាយពិតជាដឹងវិធីដោះស្រាយមែនទេ? តើលោកយាយស្គាល់ព្រះចៅអធិការណាពូកែដែរទេ!»
លោកយាយគ្រវីក្បាលហើយឆ្លើយ៖
«ប្រសិនបើនាងជាប់ឃុំក្នុងថ្មដល់ទៅពាន់ឆ្នាំ ព្រលឹងចងអាឃាតមារយាទសាមាន្យនៅមានមិនសាបសូន្យ ទម្រាំពេលនេះរបូតចេញមកបានគឺប្រាកដជាមានមហិទ្ធិឫទ្ធិខ្លាំងណាស់ មិនងាយរកអ្នកបង្ក្រាបបានទេ!»
លោកយាយនិយាយធ្វើឲ្យខ្ញុំកាន់តែបុកពោះនិងអស់សង្ឃឹម ប៉ុន្តែទ្រង់ទិព្វមន្តានៅតែប្រកាន់ខ្ជាប់នូវសុទិដ្ឋិនិយមថាអ្វីៗ មុខតែមានដំណោះស្រាយ។
ទ្រង់លាលោកយាយចេញដោយអរគុណគាត់បានរកឃើញព័ត៌មានខ្លះ។ នៅតាមផ្លូវបើកឡានចេញពីទីនោះ ទ្រង់បបួលខ្ញុំទៅកាន់ខេត្តពោធិ៍សាត់ដើម្បីស៊ើបសួររកមើលប្រវត្តិ មេមត់នោះម្ដង។
សូហ្វ័រឡានទ្រង់ទិព្វមន្តាបានជូនយើងទៅដល់ខេត្តពោធិ៍សាត់នៅ ម៉ោង១អធ្រាត្រ។ នៅសណ្ឋាគារខ្ញុំបានសាកសួរអ្នកបម្រើរកប្រវត្តិមេមត់នោះ ទីបំផុតស្ត្រីអ្នកបោសសំអាតម្នាក់បានបង្ហាញយើងពីពន្លឺខ្លះ។
ម៉ោងបួនទៀបភ្លឺសូហ្វ័របន្តចេញឡានទៅកាន់ស្រុកវាលវែងដោយមានស្រី នោះជាអ្នកនាំផ្លូវ។ ទៅដល់សិប្បកម្មចម្លាក់ថ្មកែវធំមួយ នៅម៉ោង៨ព្រឹកស្ត្រីអ្នកបោសសំអាតបាននាំយើងឲ្យជួបជាមួយអ៊ំ ប្រុសម្នាក់ងងឹតភ្នែកទាំងសង។ គាត់គឺជាឪពុករបស់ម្ចាស់សិប្បកម្មដ៏ធំនោះ។
ខ្ញុំនៅស្ងៀមរង់ចាំឲ្យស្ត្រីនោះជួយនាំសាច់រឿងនិយាយពន្យល់អ៊ំ ប្រុសនោះរហូតដល់គាត់យល់ការណ៍ទើបឃើញទ្រង់ទិព្វមន្តាមានបន្ទូល សុំឲ្យអ៊ំប្រុសនោះជួយបញ្ជាក់ការពិតពាក់ព័ន្ធនឹងមេមត់ម្នាក់ដែល នាំវិជ្ជតាឲ្យគោរពអ្នកម្នាងភីរៈឌីត្តា។
អ៊ំប្រុសពីការភ្នែកស្ដាប់ចប់កាលណា លុះដឹងថារាជវង្សានុវង្សដែលនៅមុខខ្លួននេះសុខចិត្តមករកដល់ទីឋាន ដើម្បីតែជួយដោះទុក្ខក្មេងស្រីស្លូតត្រង់ម្នាក់ លោកក៏សុខចិត្តក្រេបទឹកតែក្ដៅបន្តិចហើយនិយាយរំលឹកឡើងវិញនៅ អតីតកាលដែលគាត់ខំបំភ្លេចជាយូរមកហើយថា៖
«កាលពី៤០ឆ្នាំមុនខ្ញុំនៅកំលោះហើយជាកូនជាងជាមួយតានោះដែរនៅ ក្នុងរោងសិប្បកម្មរបស់ថៅកែថៃម្នាក់ឈ្មោះថា ឈ្លើម! ភ្នែកខ្ញុំភ្លឺមិនទាន់ងងឹត ស្មានដៃក៏ស្មើល្អរហូតដល់ពីរនាក់ខ្ញុំក្លាយជាជាងជំនិតថៃនោះ។ ពួកខ្ញុំសុទ្ធតែនៅកំលោះ ម្ង៉ៃៗស្រមៃថា នឹងអាចការប្រពន្ធម្នាក់ មានសិប្បកម្មខ្លួនឯងទោះតូចតាចក៏ដោយ ដើម្បីរកស៊ីធ្វើចម្លាក់ដូរចិញ្ចឹមប្រពន្ធកូនតកូនតចៅពឹងលើ មុខរបរនេះ។ពីរនាក់ខ្ញុំធ្វើការបានច្រើនឆ្នាំក៏កាន់តែស្ទាត់ ជំនាញខាងមើលថ្មកែវទាំងឡាយទាំងទឹកល្អ ទឹកមធ្យម និងទឹករយ! ថៅកែទុកចិត្តណាស់ថ្ងៃមួយគាត់បានទិញផ្ទាំងសិលាធំមួយពីអ្នក ដំណើរម្នាក់ ហើយយកមកទុកក្នុងរោងជាង!
ឃើញរបស់នោះភ្លាមពីរ នាក់ខ្ញុំដឹងហើយថាវាជាវត្ថុមានតម្លៃជាថ្មកែវមានអាយុកាលចំណាស់ ពាន់ឆ្នាំ មានជាតិថ្លានៅខ្លឹមខាងក្នុងដូចកែវមរកត គ្រាន់តែមិនយល់ថាហេតុអ្វីមិនមានពណ៌លឿងឬបៃតង សដូចថ្មកែវដទៃតែបែរជាមានពណ៌ក្រហមដូចឈាមជាំ! យប់នោះពេលពួកជាងដទៃដេកលក់ស្ងាត់អស់ ខ្ញុំនិងអាពួកម៉ាកនោះ បានបបួលគ្នាងើបមើលផ្ទាំងថ្មនោះផ្ចិតផ្ចង់ម្ដងទៀតព្រោះថាមិន អស់ចិត្តសោះ! ពួកម៉ាកខ្ញុំបបួលខ្ញុំថាគួរដាប់យកបន្តិចមកទុកធ្វើបន្តោងព្រោះ ខ្លឹមថ្មនោះធ្ងន់ណែននិងមាំដូចពេជ្រថាមិនបានជំនាន់តក្រោយ ក្លាយជាវត្ថុបុរាណមានតម្លៃអាចឲ្យកូនចៅបានបន្តោងនោះរស់នៅសុខ ស្រួលតជំនាន់! ឮហើយហេតុតែលង់នឹងអំណាចវត្ថុបុរាណ ខ្ញុំក៏ព្រមព្រៀងគ្នាដាប់ម្នាក់មួយដុំមកធ្វើរូបព្រះពាក់ ប៉ុន្តែសំខាន់នៅលើនោះបែរជាមានចារអក្សរជាច្រើនរកតែមើលក៏មិន យល់ ប៉ុន្តែអក្សរនីមួយៗស្មើស្អាតហើយឆ្លាក់បានល្មួតហួសពីជាងសម័យនេះ អាចធ្វើបាន។
ចុងក្រោយពួកខ្ញុំមិនដាច់ចិត្តដាប់ចោលឲ្យខូចអក្សរនោះក៏គិត ថាឈប់ឆ្លាក់ធ្វើបន្តោងហើយតែនឹងដាប់អក្សរមួយតួពីរតួទុកជាប់ ប្រាណជាសេរីវិញ! គិតហើយក៏ផ្ចិតផ្ចង់រកប្លង់ដាប់អក្សរដែលយើងស្រលាញ់រៀងខ្លួនដោយ គេនោះមិនទាន់ដាប់ទេនៅរើសមិនទាន់អស់ចិត្តចំណែកខ្ញុំដាប់តួ អក្សរជួរកណ្ដាលគេនៅចំហៀងខាងស្ដាំព្រោះជាគំនូសស្អាតវិចិត្រ។»
ខ្ញុំនៅស្ដាប់ចំហមាត់ធ្លុងឯទ្រង់ទិព្វមន្តាឈ្ងោកតើសម្ដីអ៊ំ នោះញាប់ដៃមិនឲ្យចន្លោះមួយម៉ាត់ឡើយ។ អ៊ំងងឹតភ្នែកបានរៀបរាប់បន្តថានៅពេលទើបតែដាប់តួអក្សរទីមួយចេញ ផុតពីផ្ទាំងថ្មស្រាប់តែលេចរូបនារីស្លៀកសារបាប់ប្រដាប់ដោយគ្រឿង ទ្រង់ដូចស្ដេចស្រី ភ្នែកទាំងគូរធំៗខ្មៅក្រឹបផុសធ្លោមកនៅចំពោះមុខចាំងកំលោះ ទាំងពីរ។ ស្ត្រីមកពីសម័យបុរាណនោះតាមពិតគឺអ្នកម្នាងមន្តអាគមខ្មៅដែល ត្រូវបានបង្ក្រាបបង្ខាំងក្នុងសិលានោះអស់កាលពាន់ឆ្នាំដោយអក្សរ បាលី លុះត្រសែតអណ្ដែតដល់ដៃសាមញ្ញជន ក៏ត្រូវបានគេគាស់យកចេញនូវពាក្យបាលីមួយតួធ្វើឲ្យអ្នកម្នាង បានរួចផុតពីចំណងសិលាដោយអច្ឆរិយ។
ព្រលឹងដ៏មានឫទ្ធានុភាពបានសួរទៅជាងដែលញ័រទទ្រើកដោយក្ដីភ័យ ភិតទាំងទ្វេ ចំពោះភក្ត្រនាងថាទាំងទ្វេថាតើគេចង់បានអ្វីជាគុណតបស្នងការ រំដោះព្រលឹងនេះ? ជាងទីមួយឆ្លើយថាខ្ញុំចង់បានបារមីអាចធ្វើអ្វីបានតាមចិត្ត ។
ដូច្នេះនាងសួរទៀតថាចុះតើឯងព្រមសំពះបាទាយើងធ្វើជាបរិវារដែរ? ជាងនោះហេតុតែលោភៈក៏ងក់ក្បាលយល់ព្រម។ ចាប់ពីពេលនោះជាងនោះបានក្លាយជាមេមត់ល្បីឈ្មោះនៅតំបន់ជួរ ភ្នំក្រវាញ ហើយចាកចោលមុខរបរជាជាងដាប់ចម្លាក់ពីពេលនោះទៅ។ ខ្ញុំទើបតែដឹងថាជាងនោះគឺតាមេមត់ដែលនាំវិជ្ជតាឲ្យគោរពព្រលឹង អ្នកម្នាងភីរៈឌីត្តានោះហើយ។ ចំណែកលោកតាងងឹតភ្នែកហេតុតែឪពុកគាត់ធ្លាប់ផ្ដាំផ្ដាច់ថាកុំឲ្យ កូនៗគោរពពួកព្រលឹងវិញ្ញាណជាគ្រូបាអាចារ្យ ក៏បានបដិសេធនឹងអ្នកម្នាងនោះថា សុំតែសុខសប្បាយមិនចង់បានអ្វីទាំងអស់ ហើយមិនព្រមសំពះទទួលស្ត្រីពាន់ឆ្នាំនោះជាគ្រូអាចារ្យដាច់ខាត។ ព្រាយស្រីដែលកប់ក្នុងថ្មពាន់ឆ្នាំកើតក្រោធខឹងក៏និយាយនឹងគាត់ ថា៖
«អាជាងស្មោកគ្រោកជាន់ទាបឯងនេះ! កុំតែយើងបានស្បថថានឹងដឹងគុណអ្នកដែលអាចរំដោះ យើងពីអំពើបាលីនេះបានម្ល៉េះសមយើងមិនទុកជីវិតឯងដាច់ខាត! ពេលនេះយើងដោះលែងឯង តែអំណើះតទៅ យើងត្រូវឲ្យឯងងងឹតភ្នែកមិនអាចមើលឃើញពិភពលោកនេះឡើយ!»
អ៊ំនោះនិយាយចប់កាលណាខ្ញុំយល់សាច់រឿងអស់ហើយអាណោចអាធ័មអាណិត គាត់។ ទ្រង់ទិព្វមន្តាបានសួរគាត់ថាតើពេលនេះមានអ្វីអាចជួយរំដោះ វិជ្ជតាពីអរូបនោះបាន? លោកអ៊ំជាងចម្លាក់ឆ្លើយតបវិញមួយៗថា៖
«ខ្មោចឪពុកខ្ញុំធ្លាប់ប្រាប់ថា ព្រលឹងអសុរកាយមានឫទ្ធិខ្លាំងអញ្ចឹងបើរបូតពីបាលីហើយកម្រអាច បង្ក្រាបវិញបានណាស់ ពិសេសបើមានអ្នកណាម្នាក់ព្រមទទួលគេជាគ្រូគេអាចប្រើរូបអ្នកនោះ អុកឡុកមនុស្សម្នាទាំងថ្ងៃទាំងយប់បាន! តែកាលពីជាង១០ឆ្នាំមុនពេលអាពួកម៉ាកចាស់ម្នាក់ដែលទៅធ្វើ បរិវារឲ្យព្រលឹងនោះវាមកលេងស្រុក ខ្ញុំបានជួបវាម្ដងវាធ្លាប់និយាយប្រាប់ថា ព្រលឹងនោះជៀសវាងនៅជិតរបស់សំខាន់ៗដែលមានឫទ្ធិបារមីដូចជាប្រទាល ឈ្នះមារ កុយពុក សុកឆ្មា និងឈាមសត្វសុនខ»
ទ្រង់ទិព្វមន្តាឱង្ការបន្ទាប់៖
«យើងគប្បីប្រើវត្ថុទាំងនោះមកសាកលើខ្លួនវិជ្ជតាមើល៍ដើម្បីបណ្ដេញព្រលឹងអ្នកម្នាងភីរៈឌីត្តានោះ!»
«ក្រែងតែមិនងាយស្រួលឲ្យយើងប៉ះនាងបាន!»ខ្ញុំតទាំងពិបាកចិត្ត។
និយាយមិនទាន់ផុតពីមាត់ផង ភ្លាមនោះខ្ញុំនឹកឃើញដល់រឿងមួយផ្សេងដូចមានគេបង្ហាញផ្លូវ។ ខ្ញុំងាកទៅរកទ្រង់វិញជាបន្ទាន់ហើយកែពាក្យនិយាយសាជាថ្មី៖
«ក៏មិនមែនថាអត់មធ្យោបាយដែរ!»
«ធ្វើយ៉ាងណាទៅតែន?»
ខ្ញុំសម្លឹងទ្រង់ព្រោះមិនជឿថាទ្រង់អាចធ្វើបានទាន់ពេលទេតែខ្ញុំត្រូវឆ្លើយ៖
«ប្រើឈុតក្ងោកត្បូងនិល!»
គំនិតខ្ញុំពេលឲ្យយោបល់នោះគឺថា ចង់ប្រើក្ងោកត្បូងនិលដែលវិជ្ជតាចង់ពាក់បំផុតបង្កប់វត្ថុមាន បារមីទាំងនោះដើម្បីរំលាយវិញ្ញាណអ្នកម្នាងពាន់ឆ្នាំ។ ប៉ុន្តែសំខាន់ខ្ញុំយល់ថាក្ងោកត្បូងនិលដែលចំណាយពេលរាប់ខែក្នុង ការរចនាធ្វើម៉េចនឹងអាចច្នៃថ្មីមួយទៀតបានដើម្បីបង្កប់វត្ថុ ទាំងនោះ?
ទ្រង់ទិព្វមន្តាមិនទាន់បានបន្ទូលយ៉ាងណាវិញផង ស្ត្រីអ្នកបោសសំអាតដែលស្ងាត់មាត់យូរហើយនោះបានបញ្ចេញយោបល់ម្ដង៖
«យើងគួរទៅជួបលោកយាយនាងសិនក្រែងលោកយាយអាចមានវិធីល្អជាងនេះ! មិនគួរធ្វើអ្វីព្រាវៗទេនាងតូច!»
«អ្នកណាជាលោកយាយនាង?»នេះជាបន្ទូលសួររបស់ទ្រង់ទិព្វមន្តា។
តាមពិតលោកយាយនាងជាស្ត្រីអ្នកបួសរៀនតាំងពីវ័យក្មេង ហើយត្រូវបានមនុស្សជាច្រើននៅខេត្តនេះកោតគោរពទាស់ត្រង់លោកយាយ មិនព្រមបញ្ចេញមហិទ្ធិឫទ្ធិជួយសត្វលោកគ្រប់តែរឿងនោះទេ។ លោកយាយមានទស្សនៈថាប្រើមន្តវិជ្ជាការជួយបំពេញបំណងសត្វលោកដូចជា ជួយសត្វលោកឲ្យមានមហិច្ឆតាកាន់តែច្រើនហើយប្រឆាំងនឹងព្រហ្មលិខិត ដូច្នោះដែរ។ អញ្ចឹងហើយមិនសូវមានគេទៅរកលោកយាយឡើយព្រោះលោកយាយមិនទទួលជួយ លើកលែងតែករណីគ្រោះថ្នាក់ឬជំងឺបៀតបៀន។ លោកយាយនាងស្ថិតនៅស្រុកបាកាន។ ដូច្នេះពួកយើងទាំងអស់រួមទាំងអ៊ំងងឹតភ្នែកផងបានស្រូតទៅរកលោក យាយភ្លាម។
គ្រាន់តែចូលដល់បង្គំសំពះរួចភ្លាម លោកយាយបានបញ្ជាទៅកាន់ស្រីៗអ្នកបួសពីរឬបីនាក់ដែលឈរត្រៀបត្រាថា៖
«នាំគ្នាលើកកៅអីថ្វាយរាជវង្សានុវង្ស!»
គឺលោកយាយសំដៅដល់ទ្រង់ទិព្វមន្តា។ ពិបាកឲ្យជឿណាស់ដែលថាមនុស្សចាស់ម្នាក់អាចមើលធ្លុះព្រះរាជ បុគ្គលភាពនៃរាជវង្សក្នុងចំណោមក្រុមភ្ញៀវដោយមិនចន្លោះ។ ស្ត្រីចំណាស់នៅចំពោះមុខពួកយើងប្រាកដជាមានឫទ្ធិបារមីសមដូច ពាក្យចាស់ចំណាំលើកឡើងថានៅកម្ពុជាមិនខ្វះទេអ្នកខ្លាំងពូកែ គ្រាន់តែលោកអ្នកទាំងនោះមិនព្រមចេញមុខ ដោយសារស្អប់ខ្ពើមសង្គមដែលសម្បូរមនុស្សទ្រុស្តនិងទុរយស។ មិនចង់ឲ្យខាតពេលលោកអ៊ំងងឹតភ្នែកប្រុងថានិយាយរឿងហេតុជម្រាបលោក យាយនាងទៅ ហើយតែត្រូវលោកយាយរាដៃកាត់ហើយខ្ជាក់ស្លាចោលមុនពេលស្រដីមួយៗ សម្លឹងមកទ្រង់ទិព្វមន្តា៖
«ប្រើស្នាដៃទ្រង់ជាការប្រពៃហើយ ព្រោះទ្រង់មានបារមីឈ្នះស្រីបុរាណនោះច្បាស់ណាស់! ចូររើសពេលា១៥កើតខែពេញបារមីពឹងលើធាតុទឹកដីភ្លើងខ្យល់និងភាព បរិសុទ្ធនៃអំពើល្អដើម្បីយកឈ្នះមហិទ្ធិឫទ្ធិអាគមខ្មៅ១០០០ឆ្នាំនោះ »
ថាចប់គាត់ហុចកូនថង់ពណ៌សមួយទៅទ្រង់។ ថង់នោះតូចប៉ុនបាតដៃតែប៉ោងពេញក្នុងនោះទំនងជាគ្រាប់ធញ្ញជាតិ។
«លោកយាយនាងប្រាកជាអ្នកបួសរៀនសិល្ប៍សាស្ត្រដល់កំពូលដឹងអ្វីៗមុនមែន! គាត់ត្រៀមបានល្អណាស់»
ខ្ញុំនិយាយនៅក្នុងឡានពេលពួកយើងលាគាត់ចេញមកវិញ។ តាមពិតក្នុងស្បោងក្រណាត់ទេសឯកនោះ គឺអង្ករដំណើបខ្មៅដែលគេបុកល្អិតយង់ជាស្រេច។ លោកយាយនាងប្រាកដជាភាវនាដឹងហេតុការណ៍ពិតទើបបានត្រៀមថង់នេះទទួល ពួកយើង។ តែសម្ដីរបស់គាត់មានខ្លះខ្ញុំស្ដាប់មិនយល់ទេ។ ខ្ញុំខ្សឹបទូលសួរទ្រង់ទិព្វមន្តាពេលដែលធ្វើដំណើរមកភ្នំពេញ៖
«តើសម្ដីទាំងអស់របស់លោកយាយមានន័យថាម៉េច?»
ទ្រង់ទិព្វមន្តាញញឹមបង្ហាញភាពស្រស់សង្ហាធ្វើឲ្យខ្ញុំចាប់អារម្មណ៍អៀនអន់ម្ដង។ ព្រះបន្ទូលទ្រង់លើកមកយ៉ាងក្បោះក្បាយ៖
«ប្រើស្នាដៃខ្ញុំគឺសំដៅលើក្ងោកត្បូងនិល! ឯពេលា១៥កើតគឺយប់ស្អែកនេះហើយ ចំណែកភាពបរិសុទ្ធនៃអំពើល្អដើម្បីយកឈ្នះមហិទ្ធិឫទ្ធិអាគមខ្មៅ១០០០ ឆ្នាំនោះគឺសំដៅលើនាងផ្ទាល់ច័ន្ទតែន»
ខ្ញុំនៅតែមិនយល់ទេ ប៉ុន្តែទ្រង់បានពន្យល់ថា អំពើល្អដែលលោកយាយចង់សំដៅ គឺប្រស្នាថាតើខ្ញុំហ៊ានជួយមិត្តគឺវិជ្ជតាដែរឬយ៉ាងណា?
ទីបំផុតគឺគ្មានអ្នកណាក្រៅពីខ្ញុំទេដែលត្រូវកាន់ក្ងោកត្បូងនិល ថ្មីមួយ ជារបស់ក្លែងក្លាយបង្កប់ដោយវត្ថុស័ក្ដិសិទ្ធិសព្វយ៉ាងឡើងទៅ Apartment វិញដើម្បីស្វែងរកវិជ្ជតាដែលមានស្រីព្រាយពាន់ឆ្នាំនៅសណ្ឋិត។
ពេលនោះគឺយប់ថ្ងៃព្រហស្បតិ៍មុនពិធីបង្ហាញម៉ូដក្ងោកត្បូងនិល មួយថ្ងៃតែនេះជាយប់ខែពេញបូណ៌មី១៥កើតដូចពាក្យលោកយាយនាងថា។
ដៃទាំងពីររបស់ខ្ញុំទ្រប្រអប់ដែលដាក់អាវសូត្រពណ៌ខ្មៅស្រិលដាំ លំអដោយត្បូងនិលជាអន្លើចាំងភ្នែក ប៉ុន្តែបានបង្កប់នូវវត្ថុទិព្វនានាដែលអាចបង្ក្រាបអ្នកម្នាងភីរៈ ឌីត្តាបាន។
ពេលទ្វាររបើកខ្វាកទាំងគ្មានអ្នកបើក ខ្ញុំចាប់បុកពោះភឹបតែខ្ញុំខំតាំងស្មារតីធ្វើដូចមិនដឹងរឿងហើយ ដើរទៅអង្គុយប៉ុកលើសាឡុង ដោយទម្លាក់ចោលឈុតក្លែងក្លាយទៅម្ខាងហើយធ្វើជាបិទភ្នែកហត់នឿយ។
គ្មានកើតឡើងទាំងអស់នៅជុំវិញខ្លួនខ្ញុំទេ។ គ្រប់យ៉ាងស្ងាត់ច្រៀបមានតែសរសៃខ្យល់ត្រជាក់តិចតួចប៉ើងមកពី រានហាលគឺគ្មានបើកម៉ាស៊ីនត្រជាក់ទេ។ ធ្វើឲ្យខ្ញុំនៅតែសំងំបន្ត។ តាមពិតកាន់តែបិទភ្នែកខ្ញុំកាន់តែទន់ ព្រោះថាខានគេងពីរយប់ហើយ។ ទីបំផុតខ្ញុំក៏លក់ភ្លឹងស្លុងទៅក្នុងភាពល្វើយ។
ភ្លាមនោះខ្ញុំសុបិនឃើញវិជ្ជតាកំពុងឈរយំ ហើយស្មាខាងស្ដាំរបស់វាហូរឈាមសស្រាក់ត្រង់កន្លែងមយូរាសាក់។
សំឡេងស្រែកយំរបស់វាគួរឲ្យអាណោចអាធ័មណាស់ វានិយាយផងយំផងថា៖
«នាងតែន! ជួយផង! ជួយផងនាងតែនអើយ!»
ខ្ញុំភ័យភ្ញាក់ព្រើតពីដំណេកហើយស្ទុះក្រោកឈរពីសាឡុងមុនពេលដឹង ថាតាមពិតគឺខ្លួនឯងកំពុងយល់សប្ដសោះ។ ឯឈុតក្ងោកត្បូងនិលក៏បានបាត់ពីកន្លែងដែលខ្ញុំទម្លាក់ចោលទៅ ហើយ។ ខ្ញុំរេភ្នែករិះគិតត្បិតត្រីកំពុងស៊ីសន្ទូចធ្វើឲ្យខ្ញុំអរតិច ជាងភ័យ។ ប៉ុន្តែសំឡេងស្រែកស្រាប់លាន់ចេញពីបន្ទប់វិជ្ជតាធ្វើឲ្យខ្ញុំរត់ វឹងទៅទីនោះ។
នៅទីនោះវិជ្ជតាគ្រងឈុតក្ងោកខ្មៅវែងហៀរ៥ម៉ែត្រពីខ្លួន។ នាងខ្ពស់លលៃហើយស្អាតយ៉ាងនេះ ឈុតនេះបាននិម្មិតនាងឲ្យទៅជាម្ចាស់ក្សត្រីនៃបុរាណសម័យប្រាកដ ណាស់។ ប៉ុន្តែទាស់ត្រង់ថា ក្នុងឈុតមានបង្កប់ជាតិម្សៅដែលកិនផ្សំពីពីប្រទាលនិងកុយពុក សុកឆ្មាគ្រប់កន្លែង។
វិជ្ជតាមិនអាចទ្រាំនឹងការឈឺចាប់បានវាដេកដួលទៅលើដី ហើយរមួលខ្លួនស្រែករោទ៍ជាសំឡេងអ្នកផ្សេង៖
«អូយ! អូយ! អូយ»
ព្រលឹងព្រាយរាំហ្លួងមួយពាន់ឆ្នាំបានប្រមូលទៅជាដុំពពកខ្មៅ ហ៊ុយជាផ្សែងចាកចេញចោលរាងកាយមិត្តខ្ញុំទៅរលាយបាត់ក្នុងបរិយាកាស ដូចពាក្យលោកតាភ្នែកងងឹតដែលសម្លាញ់គាត់ធ្លាប់ប្រាប់ថា របស់ទាំងនោះមិនត្រឹមអាចបង្ក្រាបម្នាងអាគមខ្មៅទេតែថែមទាំងអាច រំលាយព្រលឹងនោះចោលតែម្ដង។
ខ្ញុំបើកភ្នែកធំៗសម្លឹងទៅកាន់រាងកាយវិជ្ជតាដែលហ៊ុយទ្រលោម ដូចត្រូវភ្លើងឆេះ ហើយបន្ទាប់មកស្ងប់ស្ងាត់វិញឯវាក៏សន្លប់បាត់ស្មារតី។ ស្នាមសាក់មយូរាលើស្មាស្ដាំវារលប់ទៅណាបាត់តែនៅសេសសល់ស្នាម ឈាមកកក្រហមក្រមៅមួយផ្ទាំងធំ។ ខ្ញុំរត់ទៅឲ្យសញ្ញាទ្រង់ទិព្វមន្តាដែលសំងំជាមួយលោកតាភ្នែក ងងឹតនៅឯApartmentជាប់នោះឲ្យផ្លោះតាមរានហាលមកជួយអន្តរាគមន៍។ ទ្រង់បានលើកថង់ក្រណាត់ទេសឯកចាក់កម្ទេចដំណើបខ្មៅលើព្រះហស្តហើយ បាចរោយទៅលើស្នាមមយូរាលើស្មាស្ដាំរបស់វិជ្ជតា។ ជាបន្តើរៗស្នាមនោះរលុបបាត់អស់ដូចមិនដែលមានអ្វីកើតឡើង។
វិជ្ជតាត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ច្រើនថ្ងៃក្រោយមកនាងក៏បានជាសះរាងកាយតែផ្លូវចិត្តនៅទ្រុឌទ្រោម យ៉ាងខ្លាំង។ នាងមិនទាន់ចំណាំអ្នកណាបានទាំងអស់ហើយចេះតែហៅខ្លួនឯងថាម្ចាស់ ក្សត្រី។ វេជ្ជបណ្ឌិតប្រាប់ថានាងត្រូវការពេលយូរដើម្បីស្ដារសុខភាព ផ្លូវចិត្តមកវិញពិសេសគឺប្រព័ន្ធចងចាំរបស់នាងនៅរងការគំរាមកំហែង។ យើងបានព្យាយាមនាំនាងទៅពោធិ៍សាត់រកគ្រូពូកែៗពិសេសលោកយាយនាង ឲ្យជួយសង្គ្រោះ ប៉ុន្តែលោកយាយបដិសេធហើយនិយាយថា៖
«លោកនេះមានកម្មមានផល! អ្វីៗជាផលនៃការប្រព្រឹត្តិរបស់ខ្លួនឯង។»
ចំណែកតាមអតីតជាងឆ្លាក់ដែលស្ម័គ្រយកអ្នកម្នាងភីរៈឌីត្តាជាព្រះ គ្រូ បានគេងស្លាប់ឯកោគ្មានអ្នកណាដឹងពីមូលហេតុឡើយ។
ខ្ញុំក៏ក្លាយជាអ្នកដើរម៉ូដឯកនៃក្ងោកត្បូងនិលនៅទីបំផុត។
ឈុតក្ងោកត្បូងនិលរបស់ខ្មែរបានចេញទៅបង្ហាញខ្លួននៅប្រទេស អភិវឌ្ឍន៍ជាច្រើនជាបន្តបន្ទាប់ ជាពេលដែលខ្ញុំនិងទ្រង់ទិព្វមន្តាបានកសាងសម្ព័ន្ធស្នេហាដ៏ ជ្រាលជ្រៅមិនអាចកាត់ផ្ដាច់បាន។ ពីរខែក្រោយមកទ្រង់ទិព្វមន្តាបានយាងមកសំណេះសំណាលសួរសុខទុក្ខ អ្នកម្ដាយខ្ញុំនៅស្រុកកំណើតហើយទ្រង់បានស្ដីដណ្ដឹងខ្ញុំជាភរិយា ពេញច្បាប់បង្កើតបានជាក្រុមគ្រួសារតូចនៃអ្នក Design កំពូលនិងភរិយាជា Super Model។ ខ្ញុំបានរៀបការហើយក្លាយជារាជវង្សានុវង្សពិតៗក្នុងពេលដែលវិជ្ជតា នៅតែអណ្ដែតអណ្ដូងភ្លេចខ្លួនឯងហើយបែរជាចងចាំពីអ្នកម្នាងភីរៈ ឌីត្តា។ ស្រីព្រាយរលាយបាត់ទៅហើយអាគមសាក់ក៏រលុបបាត់ វិជ្ជតាមិនអាចយាយីអ្នកណាបានទៀតទេ តែនាងបានយាយីខ្លួននាងដោយអាគមដ៏ខ្មៅងងឹតដែលនាងស្ម័គ្រចិត្ត ទទួលយកព្រោះតែចិត្តចង់ឈ្នះចាញ់ហួស។
មតិអ្នកនិពន្ធ៖
សិល្បករជាច្រើនក្នុងសម័យនេះមានការពេញនិយមលើសម្ភារៈទំនើបៗ និងដើរទាន់សម័យកាលបច្ចេកវិទ្យាឌីជីថល ប៉ុន្តែពួកគេនៅតែផ្ដេកផ្ដួលខ្លាំងលើជំនឿពីផ្លូវងងឹតជានិច្ច។ ការស្វែងរកអាគមគ្រូអូមអាមបន្ថែមមន្តស្នេហ៍រួមមានការបញ្ចុះសីមា សារិកាលិនថោង ស្នេហ៍ ដំរី និងរកអាថាន់ កូនក្រក ឬមេមត់ពូកែៗមកតាមថែរក្សាអាជីពនៅតែមានជាហូរហែក្នុងសង្គម កម្ពុជា។
ចាស់ទុំដែលអ្នកនិពន្ធបានជួបបាននិយាយថា សម្រាប់ការភ្ជាប់ខ្លួនទៅនឹងមន្តអាគមងងឹតដែលជាមន្តអាគមអាក្រក់ៗ ភាគច្រើននាំទុក្ខទោសមកឲ្យខ្លួនអ្នកប្រព្រឹត្តិនៅទីបំផុត។ ពិសេសចាស់ៗនៅខេត្តពោធិ៍សាត់ភាគច្រើនមានជំនឿថាប្រសិនបើវិញ្ញាណ ខ្មោចអសុរកាយណាដែលមានឫទ្ធានុភាពអាចយាយីមនុស្សលោកបាន ហើយមានបំណងចង់ធ្វើអ្វីមួយវិញ្ញាណនោះចាំបាច់ត្រូវស្វែងរករូប មួយដែលអនុញ្ញាតឲ្យគេអាចចូលសណ្ឋិតបាន។
ដូចនេះបើឃើញមនុស្សាមានរាសីទាបងាយស្រួលក្នុងការប្រើរូបនោះ វិញ្ញាណព្រលឹងមិនស្អាតទាំងនោះតែងតែពន្យល់សប្ដិឬមកសួរស្រស់ៗថា តើព្រមឲ្យគេឡើងផ្ទះទេ? ព្រមឲ្យគេធ្វើជាពួកម៉ាកដែរ? ព្រមយកគេធ្វើគ្រូទេ? ឲ្យតែយើងភ្លាត់មាត់ឆ្លើយថាបាទ! ចាសឬព្រម! វាអាចឆ្លៀតឱកាសមកប្រើរាងកាយយើងបានពេញទំហឹង។ ប្រសិនបើម្ដាយឪពុកឬអ្នកស្រុកដឹងមិនទាន់ឬរកគ្រូដោះមិនបាន រូបនោះអាចមានគ្រោះថ្នាក់ដល់ជីវិត។
អំពើខ្មៅដែលមនុស្សប្រព្រឹត្តិរមែងបន្សល់នូវផលប៉ះពាល់ដល់ស្មារតីរាងកាយដូចករណីវិជ្ជតាជាឧទាហរណ៍។
ចុះអ្នកយល់យ៉ាងណាដែរចំពោះការតំណាលក្នុងរឿងនេះ?
EmoticonEmoticon